(ឡង់ដ៍)៖ វិធីព្យាបាលថ្មីជាលើកដំបូងក្នុងរយៈពេលជិត ២០ឆ្នាំ សម្រាប់ព្យាបាលជំងឺភ្លេចភ្លាំង (Alzheimer) ត្រូវបានអនុម័តយល់ព្រមដោយទីភ្នាក់ងារនិយតករអាមេរិក ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់នៅចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
ថ្នាំ Aducanumab គឺជាថ្នាំសម្រាប់ព្យាបាលមូលហេតុចម្បងដែលបណ្តាលឲ្យកើតមានជំងឺវង្វេងវង្វាន់ ដែលជាទម្រង់ទូទៅបំផុតនៃជំងឺវង្វេងស្មារតី ជាជាងព្យាបាលរោគសញ្ញារបស់វា។
យ៉ាងហោចណាស់មនុស្សប្រមាណ ១០០,០០០នាក់នៅចក្រភពអង់គ្លេស ដែលមានទម្រង់ស្រាលនៃជំងឺនេះ អាចសមស្របប្រើប្រាស់ថ្នាំនេះបាន។ ប៉ុន្តែការអនុម័តយល់ព្រមពីនិយតករអង់គ្លេស អាចនឹងត្រូវចំណាយពេលជាងមួយឆ្នាំ។
កាលពីខែមីនាឆ្នាំ ២០១៩ ការតេស្តសាកល្បងជាលក្ខណៈអន្ដរជាតិដំណាក់កាលចុងក្រោយ នៃថ្នាំ aducanumab ដែលពាក់ព័ន្ធនឹងអ្នកជំងឺប្រហែលជា ៣,០០០នាក់ត្រូវបានបញ្ឈប់ ព្រោះការវិភាគបានបង្ហាញថាវាមិនប្រសើរជាងថ្នាំដ៏ទៃក្នុងការកាត់បន្ថយបញ្ហាចងចាំ និងការគិតនោះទេ។
ប៉ុន្តែក្រោយមកនៅឆ្នាំដដែលនោះ ក្រុមហ៊ុនផលិត Biogen របស់អាមេរិកបានវិភាគបន្ថែមលើទិន្នន័យ ហើយបានសន្និដ្ឋានថា កំរិតខ្ពស់នៃថ្នាំ aducanumab អាចកាត់បន្ថយបញ្ហាចងចាំរបស់មនុស្ស បានយ៉ាងគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ថា មនុស្សជាង៣០លាននាក់នៅជុំវិញពិភពលោក ត្រូវបានគេគិតថាមានជំងឺវង្វេងវង្វាន់ ដែលភាគច្រើនជាក្រុមមនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ៕