(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទនេះថា នៅក្នុងប្រវត្តិសាស្ត្រ ទោះបីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីជាង ៩០មកហើយក៏ដោយ ក៏ឧបករណ៍នយោបាយមួយនេះ គ្មានប្រសិទ្ធភាព និងបានបរាជ័យក្នុងការសម្រេចគោលដៅចុងក្រោយរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា «រឿងមួយនៅតែច្បាស់។ គោលនយោបាយដាក់ទណ្ឌកម្មនៅតែបន្ត»។ លោកបានបន្ថែមថា «ទណ្ឌកម្ម (របស់សហរដ្ឋអាមេរិក) មិនបានសម្រេចអ្វីទាំងអស់ ត្បិតថាឧបករណ៍ទាំងនោះមិនស៊ីជាមួយរុស្ស៊ីទេ»។
ទោះជាយ៉ាងណាអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «ការចរចាដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក នៅតែមានប្រសិទ្ធភាពបំផុត»៕