(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រយុទ្ធ ចាន់អ៊ូចា នៅថ្ងៃចន្ទនេះប្រាប់ឲ្យដឹងថា ប្រទេសថៃគ្រោងនឹងទិញវ៉ាក់សាំង Sinovac ពីប្រទេសចិន ចំនួន ០៨លានដូស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

នៅថ្ងៃចន្ទនេះ ថៃបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនទូទៅក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្របពេលដែលខ្លួន កំពុងបន្តប្រយុទ្ធតទាល់ជាមួយរលកឆ្លងរាតត្បាតនៃជំងឺនេះ។

លោក ប្រាយុទ្ធ បាននិយាយនៅក្នុងបទអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីបានទៅទស្សនកិច្ចមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៅទីក្រុងបាងកកថា «រដ្ឋាភិបាលថៃនឹងធានាថាមនុស្សគ្រប់រូបបានទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា»

គួរបញ្ជាក់ថា នៅចុងឆ្នាំនេះ ថៃគ្រោងចាក់វ៉ាក់សាំងឲ្យបាន៧០ភាគរយ នៃចំនួនប្រជាជនសរុបជិត៧០លាននាក់របស់ខ្លួន។ ដោយឡែក ពាក់ព័ន្ធនឹងស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅថ្ងៃចន្ទនេះ អាជ្ញាធរថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗចំនួន ២,៤១៩នាក់ និងអ្នកស្លាប់ថ្មី៣៣នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស បន្តកើនដល់ ១៧៩,៨៨៦នាក់ ក្នុងនោះស្លាប់ ១,២៦៩នាក់ និងជាសះស្បើយ១២៩,៥១៦នាក់៕