(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ទំនាក់ទំនងរវាងមហាអំណាចទាំង៣ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី តែងតែគ្របដណ្ដប់លើទំនាក់ទំនងអន្តរជាតិ ហើយ ទំនាក់ទំនងត្រីកោណនេះក៏តែងតែផ្លាស់ប្ដូរដែរ នៅពេលឈានដល់ដំណាក់កាលផលប្រយោជន៍រួម។ នៅអំឡុងសម័យសង្រ្គាមត្រជាក់ដើម្បីប្រឆាំងឥទ្ធិពលកុម្មុយនិស្ដរបស់ អតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) អាមេរិកសុខចិត្តចាប់ដៃជាមួយចិនកុម្មុយនិស្ដដែលនៅពេលនោះមានទំនាស់ជាមួយអតីតសហភាពវៀត ជុំវិញការប្រជែងគ្នាចង់ក្លាយ ជាមេដឹកនាំប្លុកកម្មុយនិស្ដពិភពលោក។
ការខិតជិតគ្នាឡើងវិញ និងទំនាក់ទំនងល្អូកល្អើនរវាងចិន និងរុស្ស៊ីនាពេលបច្ចុប្បន្ន បានធ្វើឱ្យក្រុមអ្នកជំនាញមួយចំនួនយល់ថានិន្នាការបែបនេះនៅតែបន្តកើតមានដដែល ទាស់នៅត្រង់ថា វាដល់វេនចិន និងរុស្ស៊ីវិញម្ដងដែលត្រូវរួមគ្នាប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច។ ពោលគឺការដាក់ទណ្ឌកម្ម និងគំនិតប្រឆាំងរុស្ស៊ីរួមទាំង ចិន គឺជាមូលហេតុចម្បងរុញឱ្យមហាអំណាចទាំង២ ឡើងជិះលើទូកតែមួយ។
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានបង្កើនការដាក់សម្ពាធ និងទណ្ឌកម្មលើចិន និងរុស្ស៊ី តែព្រមពេលជាមួយគ្នាទណ្ឌកម្មទាំងនោះក៏បានក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ឱ្យកាន់តែល្អប្រសើរឡើងផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអ្នកការទូតកំពូលចិន លោក Yang Jiechi ថាទំនាក់ទំនងរវាងចិន និងរុស្ស៊ីកំពុងស្ថិតនៅក្នុងភាពផ្អែមល្ហែមបំផុត ជាប្រវត្តិសាស្ត្រ។ ការខិតជិតគ្នាបែបនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ក្រុមអ្នករៀបចំគោលនយោបាយនៅក្នុងសហរដ្ឋអាមេរិក ហើយសូម្បីតែមន្ត្រីអាមេរិកទាំងនៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋបាលលោក ចូ បៃដិនសុទ្ធតែព្រមានដូចគ្នាថាវានឹងក្លាយជាការគំរាមកំហែងដ៏ធំ បើសិនជារុស្ស៊ី និងចិនរួមដៃគ្នាប្រឆាំង សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែតើចិន និងរុស្ស៊ីអាចរួមដៃគ្នាបានយ៉ាងមេចទៅ? តាមពិតទៅនៅលើឆាក គេឃើញថាសម្ពន្ធភាពរវាងចិន និងរុស្ស៊ីពិតជាល្អូកល្អើននឹងគ្នាពិតមែន តែនៅពីក្រោយឆាកប្រទេសទាំង២ នៅតែមើលគ្នាទៅវិញទៅមកដោយការប្រុងប្រយ័ត្ន ជាពិសេសនៅក្នុងតំបន់អាស៊ីកណ្ដាលជាទីដែលចិនកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំង។ តំបន់អាស៊ីកណ្ដាល គឺជាដែនឥទ្ធិពលរបស់រុស្ស៊ី ឬនិយាយឱ្យចំរុស្ស៊ីក៏មានការព្រួយបារម្ភខ្លាចតំបន់មួយនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃចិន ហើយបើក្រឡេកទៅមើលអតីតកាលវិញ ប្រទេសទាំង២នេះ ក៏ធ្លាប់ជាអតីតគូសត្រូវនឹងគ្នាក្នុងការដណ្ដើមតំណែងជាមេដឹកនាំប្លុកកុម្មុយនិស្ដដែរ។
បើតាមក្រុមអ្នកជំនាញ ទំនាក់ទំនងរវាងចិន និងរុស្ស៊ីគឺជាទំនាក់ទំនងបណ្ដោះអាសន្នរយៈពេលវែងតែប៉ុណ្ណោះ ដិ្បតប្រឈមមុខនឹងសហរដ្ឋអាមេរិកដែលជាសត្រូវរួម ទើបធ្វើ ឱ្យប្រទេសទាំង២ ត្រូវការគ្នាទៅវិញទៅមក ដូចដែលកាសែតរដ្ឋចិន Global Times បានលើកឡើង។ កាសែតរដ្ឋចិន Global Times កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ទំនាក់ទំនងស្អិតរមួតរវាងចិន និងរុស្ស៊ីអាចសម្រេចទៅបានដូចសព្វថ្ងៃគឺមានការចូលរួមចំណែកពីការដាក់សម្ពាធ ឬទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិចមកលើប្រទេសទាំង២។ តើនេះមានន័យថាដោយសារតែទណ្ឌកម្ម ឬសម្ពាធពីសហរដ្ឋអាមេរិកឬ ទើបធ្វើឱ្យចិន និងរុស្ស៊ីអាចល្អូកល្អើននឹងគ្នាបាន?
*តើនរណាកាន់សន្លឹកបៀរធំជាងគេ?
ទោះបីជាមិនត្រូវគ្នាក៏ដោយ តែវាមិនមែនមានន័យថា ចិន ឬក៏រុស្ស៊ីចង់ផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយសហរដ្ឋអាមេរិក ឬបណ្ដាប្រទេសលោកខាងលិចនោះទេ ព្រោះនៅពេលស័ក្តិសមណាមួយ មិនថារុស្ស៊ី ឬចិនតែងតែងរក្សាកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ឧទាហរណ៍ សហរដ្ឋអាមេរិកគឺជាអ្នកបើកផ្លូវឱ្យចិនចូលជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីឆ្នាំ២០០១ ហើយបើត្រឡប់ទៅឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនៅក្រោមរដ្ឋបាល
លោក អូបាម៉ា និងអតីតប្រធានាធិបតីរុស្ស៊ី លោក Medvedev មានភាពល្អប្រសើរខ្លាំង ក្នុងបរិបទដែលទំនាក់ទំនងរវាងចិន និងរុស្ស៊ីនៅពេលនោះនៅមានកម្រិតទាបនៅឡើយ។
សម្រាប់សហរដ្ឋអាមេរិក ចិន និងរុស្ស៊ីសុទ្ធតែជា «តួអង្គចិត្តអាក្រក់ដូចគ្នា» និងមានចេតនាដណ្ដើមតំណែងជាមហាអំណាចលេខមួយផុតលេខរបស់ខ្លួន។ ក៏ប៉ុន្ត អាមេរិកខ្លួនឯង មិនអាចប្រឈមមុខជាមួយនឹងចិនផង និងរុស្ស៊ីផងក្នុងពេលជាមួយគ្នាបានឡើយ ដូច្នេះហើយទើបទីក្រុងវ៉ាស៊ីនតោនមិនដែលបិទផ្លូវសហការជាមួយប្រទេសណាមួយ ក្នុងចំណោមចិន និងរុស្ស៊ីនោះទេ។ ត្រង់ចំណុចនេះមានន័យថាបើសិនជាសហរដ្ឋអាមេរិកចាត់ទុកចិនជាសត្រូវធំ នោះពួកគេនឹងទុកផ្លូវមួយដើម្បីសហការជាមួយរុស្ស៊ី ហើយ ការយល់ឃើញបែបនេះហាក់ដូចជាស្ដែងឡើងឱ្យឃើញ ក្រោយរដ្ឋបាលលោក ចូ បៃដិន និងរុស្ស៊ីយល់បន្តសុពលភាពលើសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START រហូតដល់ ឆ្នាំ២០២៦, ការសម្រេចចិត្តលើកលែងការដាក់ទណ្ឌកម្មលើគម្រោងបំពង់ឧស្ម័ន Nord Stream 2 ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ចាត់ទុកថាជា ស្ថិរភាព និងទំនាក់ទំនងដែលអាចព្យាករបានជាមួយរុស្ស៊ី។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានចាត់ទុកចិនជាសត្រូវប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងស.វទី២១នេះ។ ដូច្នេះអាមេរិក នឹងផ្ដោតខ្លាំងទៅលើការប្រកួតប្រជែងជាមួយចិន ជាជាងជាមួយរុស្ស៊ី ដែលនេះនឹងទុកសន្លឹកបៀរធំមួយឱ្យទីក្រុងម៉ូស្គូកាន់នៅក្នុងដៃ។ រុស្ស៊ីអាចទាញយកប្រយោជន៍តាមរយៈ ការរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផង និងចិនផង ឬនិយាយឱ្យខ្លី រុស្ស៊ីអាចអង្គុយចាំមើលថាតើត្រូវជួយខាងណា ទើបមានប្រយោជន៍ជាង។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីននឹងត្រូវជួបមុខគ្នាដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលមួយដែលនឹងត្រូវរៀបចំ ឡើងនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសជាទីដែលមានមេដឹកនាំទាំង២ ត្រូវពិភាក្សាគ្នាពីបញ្ហាជាច្រើន ក្នុងនោះរួមទាំងការបន្ធូរបន្ថយ ភាពតានតឹងនៃទំនាក់ទំនងក្នុងពេលបច្ចប្បន្ន៕
ប្រភព៖ Diplomat (ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១)