(ប៉េកាំង)៖ ក្នុងនាមជាប្រទេសដែលមានសកម្មភាពឆ្លើយតបអាក្រក់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិកមិនពិចារណា ពីទោសកំហុសរបស់ខ្លួន បែរជាយក «ការតាមដានរកប្រភពដើមនៃវីរុសជំងឺកូវីដ១៩» ធ្វើជាលេសដើម្បីទម្លាក់កំហុសទៅលើប្រទេសចិនម្តងទៀត ក៏ដូចជាបន្តផ្សព្វផ្សាយ «វីរុសនយោបាយ» នៅទូទាំងពិភពលោកផងដែរ។ នេះជាការឆ្លុះបញ្ចាំងជាក់ស្តែងមួយទៀតនៃ «អនុត្តរភាពបែបអាមេរិក» គ្មានអ្វីគួរឱ្យសង្ស័យឡើយ វាមុខជានឹងបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩សកលរហូតដល់របៀបរៀបរយអន្តរជាតិ។
រដ្ឋាភិបាលអាមេរិកនិយាយតែមាត់ថា នឹងប្រកាន់ខ្ជាប់ «ពហុភាគីនិយម» តាមការពិត បែរជាបដិសេធមិនទទួលស្គាល់សេចក្តីសន្និដ្ឋាននៃការសិក្សាស្រាវជ្រាវអំពីការតាមដានរក ប្រភពដើមនៃវីរុសជំងឺកូវីដ១៩ នៅប្រទេសចិននៃអង្គការសុខភាពពិភពលោក រហូតដល់ប្រើប្រាស់ស្ថាប័នស៊ើបការណ៍របស់ខ្លួនធ្វើ «ការសន្មតមានទោស»។ ប្រការនេះ បានបង្ហាញថា មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិកមិនខ្វល់ពីការពិតជាក់ស្តែងនិងមិនយកចិត្តទុកដាក់ដល់អាយុជីវិតទាល់តែសោះ។ គោលបំណងរបស់ពួកគេមានតែមួយ ពោលគឺ ច្រានចោលទំនួលខុសត្រូវនៃការរីករាលដាលនៃជំងឺកូវីដ១៩ឱ្យប្រទេសចិន ដើម្បីបង្កើនថ្នូរនយោបាយក្នុងការដាក់សម្ពាធទៅលើប្រទេសចិន។ តើប្រទេសចិន បានដើរតួនាទីយ៉ាងណាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល?
សូមមើលទិន្នន័យមួយចំនួនជាមុនសិន៖ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយក្នុងតម្លៃ ២ពាន់លានដុល្លារអាមេរិកដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ហើយបានផ្តល់ជំនួយជាសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រទេសជាង១៥០និងអង្គការអន្តរជាតិចំនួន១៣។ ជាពិសេស ចិនបានផ្តល់វ៉ាក់សាំងជាង៣៥០លានដូសដល់ទូទាំងពិភពលោក។ ភាគីអាមេរិកឱបដៃឈរមើលមិនមានសកម្មភាពអីទេ ចំពោះតម្រូវការ និងសំណូមពរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ ប៉ុន្តែបែរជាវាយប្រហារនិងមួលបង្កាច់ភាគីចិនដែលបានផ្តល់ជំនួយយ៉ាងសកម្ម។
ទង្វើដែលមិនទទួលខុសត្រូវបែបនេះ បានល្មើសនឹងគុណធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ភាគីអាមេរិកមិនហ៊ានបើកទ្វារឱ្យអង្គការសុខភាពពិភពលោកទៅធ្វើការស៊ើបអង្កេត តែប៉ុនប៉ងទម្លាក់កំហុស «រារាំងការស៊ើបអង្កេត» ទៅលើប្រទេសចិនដែលបានអញ្ជើញអង្គការសុខភាពពិភពលោក ទៅធ្វើការសិក្សាស្រាវជ្រាវពីការតាមដានរកប្រភពដើមនៃវីរុស។ ការនេះនាំឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ថា «ពហុភាគីនិយម» ដែលអ្នកនយោបាយមួយចំនួនរបស់អាមេរិកបាន «ប្រកាន់ខ្ជាប់» នោះ គ្រាន់តែនិយាយតែមាត់ប៉ុណ្ណោះ ខ្លឹមសារនៃ «អនុត្តរភាពបែបអាមេរិក» គ្មានការកែប្រែទាល់តែសោះ ដែលកំពុងបង្កជាផលប៉ះពាល់ថ្មីដល់សណ្តាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់នៃពហុភាគីនិយម។
បច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកលនៅមិនទាន់បញ្ចប់នៅឡើយ។ ដាស់តឿនមនុស្សមួយចំនួនរបស់ភាគីអាមេរិកបញ្ឈប់ភ្លាមនូវការផ្សព្វផ្សាយ «វីរុសនយោបាយ» និងវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នាវិញ។ ប្រសិនបើអាមេរិកមានភាពរឹងចចេសក្នុងការបន្តដើរតាមផ្លូវខុសឆ្គងតទៅទៀត នោះ មិនត្រឹមតែនឹងបាត់បង់ធនធាននយោបាយបុគ្គលប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំឱ្យសហរដ្ឋអាមេរិកឈរនៅប៉ែកម្ខាងដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិផងដែរ៕