(ម៉ាឌ្រីដ)៖ នៅថ្ងៃចន្ទនេះ ប្រទេសអេស៉្បាញបានចាប់ផ្តើម បើកព្រំដែនរបស់ខ្លួនទទួលស្វាគមន៍អ្នកដំណើរមកពីគ្រប់ទិសទី ជុំវិញពិភពលោក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលអេស៉្បាញ លោកស្រី Carolina Darias បាននិយាយថា ប្រទេសអេស៉្បាញគឺជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អេស៉្បាញដែលមានប្រជាជន សរុបជាង៤៦លាននាក់ មើលឃើញអត្រាឆ្លងរាលដាល COVID-19 ចន្លោះ ៣,០០០-៥,០០០ករណី ក្នុងមួយថ្ងៃ និងស្លាប់ក្រោម១០០នាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ អេស៉្បាញសម្រេចបានជិត៣០លានដូស ក្នុងនោះជាង១៩លាននាក់ ចាក់បានយ៉ាងហោច១ដូស និងជាង១០លាននាក់ ចាក់បានគ្រប់ដូស គិតត្រឹមថ្ងៃទី០៣ ខែមិថុនា។

ដោយពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ អេស៉្បាញស្ថិតក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ដែលរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិ COVID-19 ដោយអត្រា GDP របស់អេស៉្បាញបានថយចុះ១០.៨ភាគរយ កាលពីក្នុងឆ្នាំ២០២០។ រដ្ឋាភិបាលអេស៉្បាញ បានកំណត់គោលដៅថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានខ្ទង់៤៥លាននាក់ នៅចុងឆ្នាំនេះ ប៉ុន្តែគិតត្រឹមកាលពីចុងខែមេសា អេស៉្បាញទទួលបានភ្ញៀវទេសចរត្រឹមតែ ១.៨លាននាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អេស៉្បាញគឺជាគោលដៅទេសចរណ៍ធំជាងគេលំដាប់ទី២ នៅលើពិភពលោក ដោយទទួលបានភ្ញៀវទេសចរបរទេស ដល់ទៅជិត៨៤លាននាក់។ វិស័យដ៏សំខាន់នេះ ទទួលបន្ទុកប្រមាណជា១២ភាគរយ នៃ GDP របស់ប្រទេសអេស៉្បាញ៕