
ប៉ាគីស្ថាន៖ រថភ្លើងពីរខ្សែបុកគ្នាមួយទំហឹងនាំឲ្យមនុស្ស ៣០នាក់ស្លាប់ និង ៥០នាក់រងរបួស (Photo inside) (Video inside)
07-06-2021 11:17
(អ៊ីស្លាម៉ាបាដ)៖ រថភ្លើងពីរខ្សែបានបុកគ្នាពេញមួយទំហឹង នៅព្រឹកថ្ងៃចន្ទនេះ ក្នុងខេត្តស៊ីនដ៍ (Sindh) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ដែលបានបង្កឲ្យមនុស្ស ៣០នាក់ស្លាប់ និងជាង ៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
បើតាមអាជ្ញាធរប៉ាគីស្ថាន ហេតុការណ៍រថភ្លើងបុកគ្នាបានកើតមានឡើង នៅចំណុចផ្លូវដែកចន្លោះស្ថានីយរថភ្លើង រ៉ៃទី (Raiti) និង អូបារ៉ូ (Obaro) ស្ថិតនៅក្នុងស្រុក ហ្គោតគី (Ghotki) នៃខេត្ត Sindh រវាងរថភ្លើងរបស់ក្រុមហ៊ុន មីលឡេត អ៊ិចប្រេស (Millat Express) និងក្រុមហ៊ុន សឺ សាយីដ អ៊ិចប្រេស (Sir Syed Express)។ ការបុកគ្នាធ្វើឲ្យទូររថភ្លើងទាំងពីរខ្សែត្រូវខ្ទេចខ្ទី រអិលធ្លាក់ចេញពីផ្លូវ និងខ្លះទៀតក្រឡាប់។
គួរបញ្ជាក់ថា ក្រុមសង្គ្រោះកំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីវេចខ្ចប់សាកសព និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ អាជ្ញាធរស្រុក Ghotki ក៏បានប្រកាសអាសន្ន ចំពោះជំងឺរាតត្បាតសកល COVID-19 ផងដែរនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ដើម្បីឲ្យមន្ទីរនានាបង្កើនការប្រុងប្រយ័ត្ន៕