(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថារដ្ឋាភិបាលចម្រុះថ្មីមួយដែលទើបតែបង្កើតឡើងដើម្បីបណ្ដេញរូបលោក ចេញពីអំណាច គឺកើតចេញពីការបោះឆ្នោតមួយពោរពេញដោយការលួចបន្លំនៅក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយមួយផ្ញើជូនសមាជិកសភានៃគណបក្សស្ដាំនិយ Likud របស់លោក លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានជួបប្រទះ ការបោះឆ្នោតពោរពេញដោយការលួចបន្លំមួយនៅក្នុងប្រវិត្តសាស្ត្រនៃប្រទេសរបស់យើង ហើយបើតាមយោបល់របស់ខ្ញុំ វាជាការបោះឆ្នោតពោរពេញដោយការលួចបន្លំ មួយនៅក្នុងប្រវិត្តសាស្ត្រប្រជាធិបតេយ្យ...ដែលនេះធ្វើឱ្យប្រជាជនខកចិត្តហើយពួកគេកំពុងធ្វើការឆ្លើយតប, ពួកគេនឹងមិននៅស្ងៀមឡើយ»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Benjamin Netanyahu ធ្វើឡើងនៅចំពេលក្រុមមន្ត្រីសន្តិសុខអ៉ីស្រាអែលព្រមានអំពីអំពើហិង្សាដែលផ្ទុះចេញពីជម្លោះ នយោបាយ បន្ទាប់ពីក្រុមគណបក្សប្រឆាំងបានបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយដើម្បីបញ្ចប់ការកាន់អំណាចជាង១២ឆ្នាំមកនេះរបស់លោក Netanyahu។ រដ្ឋាភិបាលចម្រុះនេះ នៅត្រូវការការបោះឆ្នោតអនុម័តយល់ព្រមពីសភាអ៉ីស្រាអែលជាមុនសិន តែមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទនៅឡើយទេ ខណៈមានការរំពឹងថារដ្ឋាភិបាលថ្មីនឹងត្រូវ ស្បថចូលកាន់តំណែងនៅថ្ងៃទី១៤ ខែមិថុនានេះ៕