(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៦,២៤១នាក់បន្ថែមទៀតនៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនានេះ ខណៈចំនួនអ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់បានបង្កើតកំណត់ត្រាថ្មីសម្រាប់ថ្ងៃទី១៣ ជាប់គ្នាមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។
អាជ្ញារធរម៉ាឡេស៊ីបានគូសបញ្ជាក់ថា ខេត្ត Selangor បានរ៉ាប់រ៉ងចំនួនច្រើនជាងគេក្នុងចំណោមករណីឆ្លងថ្មីខាងលើ បន្ទាប់មកទីក្រុងគូឡាឡាំពួរមាន ៤១៥ករណី, ខេត្ត Johor មាន៥៦៥ករណី, ខេត្ត Sarawak មាន៦០០ករណី និងខេត្ត Sabah មាន៣០៥ករណី។
បច្ចុប្បន្នមានអ្នកជំងឺឈឺធ្ងន់កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ៨៩០នាក់ ក្នុងនោះមាន ៤៤៤នាក់ត្រូវការបំពាក់មា៉ស៊ីនជំនួយដកដង្ហើម។
ក្នុងថ្ងៃជាមួយគ្នានេះម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ៨៧នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៣,៣៧៨នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah កាលពីថ្ងៃសៅរ៍បានបញ្ជាក់ជាថ្មីថា ម៉ាឡេស៊ីអាចនឹងមើលឃើញករណីឆ្លងថ្មី ១៣,០០០ករណីក្នុងមួយថ្ងៃ នៅពាក់កណ្តាលខែមិថុនានេះ ប្រសិនបើវិធានការណ៍សុវត្ថិភាពមិនត្រូវបានគោរពឲ្យបានភ្ជាប់ខ្ជួនទេនោះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៦១៦,៨១៥ករណី ដែលក្នុងនោះ ៨៦,៦២៨នាក់ជាករណីសកម្មកំពុងសម្រាកព្យាបាលនៅឡើយ៕