(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានសន្យាថាសហរដ្ឋអាមេរិកនឹងឈរប្រកៀកស្មាជាមួយបណ្ដាប្រទេសសម្ពន្ធមិត្តអឺរ៉ុប ក្នុងការដោះស្រាយបញ្ហា ទាំងឡាយជាមួយរុស្ស៊ី ហើយការសន្យានេះធ្វើឡើង មុននឹងលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលទល់មុខជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។
លោក បៃដិនធ្វើការកត់សម្គាល់ខាងលើនៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃសៅរ៍ (ម៉ោងអាមេរិក) ជាមួយការសន្យា ដែរថាទីក្រុងវ៉ាស៊ីនតោននឹងពង្រឹងសម្ពន្ធភាពប្រជាធិបតេយ្យប្រឈមមុខនឹងវិបត្តិជាច្រើន រួមទាំងអ្វីដែលលោកផ្ទាល់ហៅថាជាការគំរាមកំហែងពីសំណាក់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។
លោក បៃដិនបានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «យើងនឹងឈរប្រកៀកស្មាគ្នាដើម្បីដោះស្រាយរាល់ការគំរាមកំហែងរបស់រុស្ស៊ីចំពោះសន្តិសុខអឺរ៉ុប ក្នុងនោះរួមមានទាំង សកម្មភាពរបស់ពួកគេនៅលើទឹកដីភាគខាងកើតរបស់អ៊ុយក្រែន ហើយវាគ្មានអ្វីត្រូវសង្ស័យទៀតឡើយចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារ តម្លៃប្រជាធិបតេយ្យ ដែលមិនអាចផ្ដាច់ចេញពីផលប្រយោជន៍របស់យើង»។
គួរបញ្ជាក់ថា លោក ចូ បៃដិននឹងត្រូវធ្វើដំណើរទៅកាន់អឺរ៉ុបនៅថ្ងៃពុធ ទី០៩ ខែមិថុនាខាងមុខនេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូល NATO មុននឹង លោកត្រូវចូលរួមក្នុងជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី១៦ ខែមិថុនា៕