(រ៉ង់ហ្គូន)៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេងបាននិយាយថាភាគីមីយ៉ាន់ម៉ាមានបំណងធ្វើការងាររួមគ្នាជាមួយអាស៊ាន ដើម្បីរក្សាស្ថិរភាព នៅក្នុងស្រុក និងអនុវត្តតាមគោលការណ៍កុងសង់ស៊ីស (consensus)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។

លោក មីន អោង ហ្លេង ធ្វើការកត់សម្គាល់ខាងលើកំឡុងជួបពិភាក្សាការងារជាមួយអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Chen Hai ក្នុងទីក្រុងណៃពិដោរ កាលពីថ្ងៃសៅរ៍។ បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា នៅក្នុងជំនួបនោះដែរ លោក មីន អោង ហ្លេងបាននិយាយថា ភាគីមីយ៉ាន់ម៉ាមានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ស្ថិរភាពជាតិ, កំណើនសេដ្ឋកិច្ច និងការរស់នៅដ៏ប្រសើររបស់ប្រជាជនមីយ៉ាន់ម៉ា ព្រមទាំងថែរក្សាប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ជាការឆ្លើយតប អគ្គរដ្ឋទូតចិន លោក Chen Hai ក៏បានបញ្ជាក់ផងដែរថាចិននឹងបន្តដើរតួនាទីប្រកបដោយលក្ខណស្ថាបនា ពាក់ព័ន្ធនឹងអ្វីដែលលោក មីន អោង ហ្លេង បានលើកឡើង។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏បានស្ថិតក្នុងភាពច្របូកច្របល់ដែរ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីខែកុម្ភៈកន្លងទៅនេះ ដោយបានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២០ កន្លងទៅនេះ។

បើតាមក្រុមឃ្លាំមើលស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា មនុស្សជាង ៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់យោធា ប្រឆាំងនឹងចលនាទាមទារលទ្ធិប្រជាធិបតេយ្យ និងការដោះលែងលោកស្រី អោង សាន ស៊ូ ជី។ បច្ចុប្បន្នជម្លោះ និងការបែកបាក់ផ្ទៃក្នុង នៅតែបន្តកើតមាននៅទូទាំងសហភាពមីយ៉ាន់ម៉ា ជាពិសេសគឺកើនឡើងឥទ្ធិពលនៃរដ្ឋាភិបាលស្រមោល ដែលត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំកម្លាំង ប្រឆាំងតទល់នឹងរបបយោធា៕