(ប៉េកាំ)៖ បុរសម្នាក់បានប្រើកាំបិតចាក់សម្លាប់មនុស្ស៥នាក់ ហើយបង្កឱ្យមនុស្ស១៥នាក់ផ្សេងទៀតរងរបួស នៅក្នុងទីក្រុងមួយស្ថិតនៅភាគខាងកើត ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងទៀតថាការវាយប្រហារដោយកាំបិតខាងលើបានកើតឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ម្សិលមិញ នៅលើផ្លូវក្នុងទីក្រុង Anqing ខេត្ត Anhui ដែលស្ថិតនៅចម្ងាយ ៤៣០គីឡូម៉ែត្រពីភាគខាងលិចទីក្រុងសៀងហៃ។ ជនសង្ស័យត្រូវបានប៉ូលិសចេញចាប់ខ្លួន រីឯការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៅពីក្រោយការវាយប្រហារនេះ។
គួរបញ្ជាក់ថា ការវាយប្រហារដោយកំាបិត មិនមែនជារឿងថ្មីថ្មោងនោះទេ នៅក្នុងប្រទេសចិន ដោយកាលពីខែមេសាកន្លងទៅ បុរសម្នាក់ក៏ធ្លាប់បានចាក់សម្លាប់កុមារ ២នាក់ និងរបួស១៦នាក់ផងដែរ នៅឯសាលារៀនមួយកន្លែងស្ថិតនៅភាគខាងត្បូងនៃប្រទេស៕