(តៃប៉ិ)៖ សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង COVID-19 ចំនួន ៧៥០,០០០ដូសឱ្យកោះតៃវ៉ាន់ ជាផ្នែកមួយនៃផែនការចែករំលែកវ៉ាក់សាំងជាមួយពិភពលោករបស់ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមលោកស្រី Tammy Duckworth ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។
សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី ថេមមី ដាក់វ៉ស្ស (Tammy Duckworth) ប្រកាសពីការបរិច្ចាគវ៉ាក់សាំងខាងលើ នាឱកាសបំពេញទស្សនកិច្ចរយៈពេលខ្លីមួយ ទៅកាន់កោះតៃវ៉ាន់នៅថ្ងៃអាទិត្យនេះ។ ថ្លែងនៅឯអាកាសយានដ្ឋាន Songshan ក្នុងទីក្រុងតៃប៉ិ លោកស្រី ថេមមីបានគូសបញ្ជាក់ដូច្នេះថា៖ «វាជាកិច្ចការដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិកដែលត្រូវបញ្ចូលតៃវ៉ាន់នៅក្នុងក្រុមដែលត្រូវទទួលបានវ៉ាក់សាំងជាអាទិភាព ដោយសារតែតម្រូវការបន្ទាន់ និងតម្លៃនៃទំនាក់ទំនងរបស់ យើង»។
គួរបញ្ជាក់ថា លោកស្រី ថេមមី ដាក់វ៉ស្ស (Tammy Duckworth) ព្រមទាំងសមាជិកព្រឹទ្ធសភាអាមេរិក២រូបទៀតគឺលោក ដាន ស៊ូលីវាន (Dan Sullivan) មកពីគណៈកម្មាធិការយោធាព្រឹទ្ធសភាអាមេរិក និងលោក គ្រីស្តូហ្វឺ ឃូនស៍ ( Christopher Coons) មកពីគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់នៅថ្ងៃអាទិត្យនេះដើម្បីជួបពិភាក្សាពីបញ្ហាសន្តិសុខ និងបញ្ហាដទៃទៀតជាមួយ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen។
ដំណើរទស្សនិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកកើតមានឡើងចំពេលកោះតៃវ៉ាន់កំពុងតស៊ូប្រយុទ្ធជាមួយការឆ្លងរាតត្បាត COVID-19 និងកំពុងព្យាយាម ស្វះស្វែងរកវ៉ាក់សាំង។ មកទល់នឹងពេលនេះ កោះតៃវ៉ាន់ទើបតែវ៉ាក់សាំងបានត្រឹមតែ ៣ភាគរយនៃប្រជាជនរបស់ខ្លួនសរុប ២៣.៥លាននាក់ ហើយអ្នកទាំងនេះ
ទៀតសោតភាគច្រើនបានចាក់ដូសទី១ ប៉ុណ្ណោះ៕