(តៃប៉ិ)៖ សមាជិកព្រឹទ្ធសភាអាមេរិកបីរូបបានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ហើយ នៅថ្ងៃអាទិត្យនេះដើម្បីជួបពិភាក្សាពីបញ្ហាសន្តិសុខ និងបញ្ហាដទៃទៀតជាមួយ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០១៩។
សហរដ្ឋអាមេរិក និងបណ្ដាប្រទេសភាគច្រើននៅក្នុងពិភពលោកមិនមានទំនាក់ទំនងជាការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ។ តែទីក្រុងវ៉ាស៊ីនតោនគឺជាខ្នងបង្អែក និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់។ លោកស្រី ថេមមី ដាក់វ៉ស្ស (Tammy Duckworth) និងលោក ដាន ស៊ូលីវាន (Dan Sullivan) នៃគណៈកម្មាធិការយោធា ព្រឹទ្ធសភាអាមេរិក ព្រមទាំងលោក គ្រីស្តូហ្វឺ ឃូនស៍ ( Christopher Coons) នៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកបានធ្វើដំណើរទៅដល់ អាកាសយានដ្ឋាន Songshan ក្នុងទីក្រុងតៃប៉ិ តាមរយៈយន្ដហោះយោធា C-17 Globemaster III របស់កងទ័ពអាមេរិក។
ភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើហេតុអ្វីបានជាសមាជិកព្រឹទ្ធសភាអាមេរិកទាំងបីរូប មិនជិះយន្ដហោះឯកជនដូចក្រុមមន្ត្រីអាមេរិកដទៃភាគច្រើនក្នុងការបំពេញ ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ហើយបែរជាជិះយន្ដហោះយោធាទៅវិញ។ ប៉ុន្តែ ទោះជាជិះអ្វីក៏ដោយ ដំណើរទស្សនកិច្ចបែបនេះតែងតែធ្វើឱ្យចិនដែល ចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនក្ដៅក្រហាយ និងផ្ទុះភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា ដំណើរទស្សនិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកកើតមានឡើងចំពេលកោះតៃវ៉ាន់កំពុងតស៊ូប្រយុទ្ធជាមួយការឆ្លងរាតត្បាត COVID-19 និងកំពុងព្យាយាមស្វះស្វែងរកវ៉ាក់សាំង។ សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនបាននិយាយថាតៃវ៉ាន់អាចនឹងទទួលបានវ៉ាក់សាំងនៅក្រោមផែនការមួយរបស់ សេតវិមានដែលអាមេរិកគ្រោងនឹងចែករំលែកវ៉ាក់សាំង២៥លានដូសជាមួយបណ្ដាប្រទេសដទៃ ទោះជាការចែករំលែកឱ្យតៃវ៉ាន់មិនទាន់ត្រូវបានប្រកាសផ្លូវការ ក៏ដោយ៕