(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលតៃវ៉ាន់ និងស្ថានទូតអាមេរិកក្រៅផ្លូវការប្រចាំនៅតៃវ៉ាន់ បានឲ្យដឹងថា សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៣រូប នឹងធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។
យោងតាមស្ថានទូតក្រៅផ្លូវការរបស់សហរដ្ឋអាមេរិក ប្រចាំនៅកោះតៃវ៉ាន់ លោកស្រី ថេមមី ដាក់វ៉ស្ស (Tammy Duckworth) និងលោក ដាន ស៊ូលីវាន (Dan Sullivan) នៃគណៈកម្មាធិការយោធាព្រឹទ្ធសភាអាមេរិក ព្រមទាំងលោក គ្រីស្តូហ្វឺ ឃូនស៍ ( Christopher Coons) នៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក នឹងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់ បានឲ្យដឹងថា លោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) នឹងជួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិកទាំង៣រូប នៅអាកាសយានដ្ឋាន សុងស្សាន (Songshan) នៃទីក្រុងតៃប៉ិ នាវេលាព្រឹកថ្ងៃអាទិត្យ ហើយលោកស្រីក៏សូមសម្តែងការអរគុណផងដែរ ចំពោះកាយវិការគាំទ្រនេះ ជាពិសេសស្របពេលដែលតៃវ៉ាន់ កំពុងព្យាយាមដោះស្រាយ ការកើនឡើងនៃករណីឆ្លង COVID-19។
គួរបញ្ជាក់ថា ចិនតែងតែចេញមុខជារឿយៗថ្កោលទោសចំពោះ ការបំពេញទស្សនកិច្ចរបស់ក្រុមមន្រ្តីបរទេសនៅកោះតៃវ៉ាន់ ជាពិសេសក្រុមមន្រ្តីរបស់សហរដ្ឋអាមេរិក ដោយហៅសកម្មភាពបែបនេះថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដ្បិតទិក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន៕