(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២៥៤ករណីបន្ថែមទៀត ក្នុងនោះ ២៤៦នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៨នាក់ជាករណីនាំចូល ហើយក៏មានអ្នកជំងឺ២នាក់ទៀត ទើបតែបាត់បង់ជីវិតផងដែរ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។
អាជ្ញាធរសុខាភិបាលវៀតណាម បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសហគមន៍ថ្មីៗខាងលើ មាន១៤៩ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៥៥ករណីនៅខេត្ត Bac Ninh, ៣១ករណីនៅទីក្រុងហូជីមិញ ហើយក្រៅពីនោះ នៅតាមខេត្តមួយចំនួនផ្សេងទៀត។ នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានប្រកាសពី អ្នកជំងឺទើបតែស្លាប់ចំនួន០២នាក់ ថែមទៀតផង។
គួរបញ្ជាក់ថា សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៨,៥៤១នាក់ ក្នុងនោះស្លាប់ ៥៣នាក់ និងជាសះស្បើយ៣,៣១០នាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង វៀតណាមសម្រេចបានជាង១.២១លានដូស ក្នុងចំណោមប្រជាជន សរុបជាង៩៦លាននាក់៕