Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃសៅរ៍នេះតៃវ៉ាន់ប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ជាង ៥០០នាក់ទៀត ដែលខ្ពស់ជាងតួលេខកាលពីថ្ងៃសុក្រ

05-06-2021 17:39

(តៃប៉ិ)៖ កោះតៃវ៉ាន់នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ៥១១ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងកោះតៃវ៉ាន់ ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ថ្មីៗខាងលើ មាន ២៦៣ករណី គឺជាបុរស និង ២២៥ករណីទៀតគឺជាស្រ្តី ខណៈមួយចំនួនទៀត កំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណ។ ពួកគេមានអាយុចន្លោះពី ០៥ឆ្នាំរហូតដល់ ៩០ឆ្នាំ។

ចំនួនករណីឆ្លងក្នុងសហគមន៍ខាងលើនេះ បានកើនឡើងពី ៤៧២ករណី ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃសុក្រមិ្សមិញនេះ។ កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក៏បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ចំនួន ១.២៤លានដូសដោយឥតគិតថ្លៃផងដែរ ខណៈកោះនេះកំពុងប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលក្នុងសហគមន៍ ដោយបានផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួនតែប្រហែល ៣ភាគរយនៃចំនួនប្រជាជនសរុបតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កោះតៃវ៉ាន់បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១០,៩៥៦ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២២៥នាក់ និងអ្នកជាសះស្បើយចំនួន ១,១៣៣នាក់៕