(ម៉ូស្គូ)៖ មូលនិធិវិនិយោគរុស្ស៉ី RDIF ដែលជាអ្នកផ្តល់ហិរញ្ញវត្ថុសម្រាប់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ Sputnik V នៅឯវិទ្យាស្ថាន ហ្គាម៉ាលេយ៉ា (Gamaleya) នៃទីក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអះអាងថា ការផ្សព្វផ្សាយរឿងមិនពិត ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន របស់លោកខាងលិច ដែលមានគោលដៅបំផ្លាញទំនុកចិត្តចំពោះវ៉ាក់សាំង Sputnik V បាននិងកំពុងធ្វើឲ្យ ប៉ះពាល់ដល់មុខមាត់របស់វ៉ាក់សាំងនេះ ទាំងនៅលើឆាកអន្តរជាតិ និងទាំងនៅក្នុងប្រទេសរុស្ស៉ីផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។
លោក គីរៀល ឌីមីទ្រីអេវ (Kirill Dmitriev) ប្រធានមូលនិធិ RDIF តាមរយៈបទសម្ភាសន៍មួយជាមួយក្រុមហ៊ុនផ្សព្វផ្សាយរុស្ស៉ី RBK បានធ្វើការចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន នៅលោកខាងលិច បាននិងកំពុងបង្កើតយុទ្ធនាការមានចេតនាមិនល្អមួយ ដែលមិនត្រឹមតែបំផ្លាញមុខមាត់របស់វ៉ាក់សាំង Sputnik V នៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងធ្វើឲ្យប្រជាជនរុស្ស៉ីមាន ការស្ទាក់ស្ទើរក្នុងចិត្ត ដើម្បីចុះឈ្មោះទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ។
បើតាមលោក Dmitriev កត្តាខាងលើគឺជាមូលហេតុចម្បង ដែលប្រទេសរុស្ស៉ី មានអត្រាចាក់វ៉ាក់សាំង COVID-19 កម្រិតទាប បូករួមជាមួយ ការដែលរដ្ឋាភិបាលរុស្ស៉ីគ្រប់គ្រង ស្ថានការណ៍ឆ្លងរាលត្បាតនៃជំងឺនេះ បានល្អគួរសម ជាហេតុធ្វើឲ្យមនុស្សជាច្រើនយល់ថា មិនចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំង។ យ៉ាងណាមិញ លោកបានឆ្លៀតឱកាសនោះ អំពាវនាវឲ្យប្រជាជនរុស្ស៉ីទាំងអស់ ចុះឈ្មោះចាក់វ៉ាក់សាំង ដោយពុំត្រូវធ្វេសប្រហែសដាច់ខាត។
គួរបញ្ជាក់ថា កន្លងមកធ្លាប់មានការចុះផ្សាយជាច្រើន នៅលើប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសលោកខាងលិច ដែលអះអាងថា វ៉ាក់សាំង COVID-19 របស់រុស្ស៉ី ជាពិសេស Sputnik V កំពុងត្រូវនាំចេញទៅក្រៅប្រទេស ដើម្បីតែបម្រើផលប្រយោជន៍នយោបាយក្នុងស្រុក។ ក្នុងចំណោមនោះ មានខ្លះថែមទាំងបានអះអាងថា វ៉ាក់សាំងរុស្ស៉ីទាំងនេះ គ្រាន់តែជាឧបករណ៍សម្រាប់ឲ្យទីក្រុងម៉ូស្គូ ប្រើដើម្បីពង្រីកឥទ្ធិពលប៉ុណ្ណោះ បើទោះជាមានភស្តុតាងបង្ហាញពី ប្រសិទ្ធភាពនិងសុវត្ថិភាពរបស់វា ប្រឆាំងនឹង COVID-19 ក៏ដោយ។
វ៉ាក់សាំង Sputnik V ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសសរុបដល់ទៅចំនួន៦៦ ជុំវិញពិភពលោក។ ដោយឡែក ទីភ្នាក់ងារឱសថអឺរ៉ុប EMA របស់សហភាពអឺរ៉ុប (EU) បច្ចុប្បន្ននៅតែកំពុងបន្តការពិនិត្យវាយតម្លៃ ដែលបានអូសបន្លាយរាប់ខែមកហើយ លើវ៉ាក់សាំង Sputnik V។ សម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំង COVID-19 នៅរុស្ស៉ីវិញ មកទល់ឥឡូវប្រទេសនេះ សម្រេចបានខ្ទង់៣០លានដូស ដោយមនុស្សប្រមាណ១៧លាននាក់ ក្នុងចំណោមប្រជាជនរុស្ស៉ីសរុប ១៤៤លាននាក់ បានទទួលការចាក់យ៉ាងហោច ១ដូស និងជិត១៣លាននាក់ចាក់បានគ្រប់ដូស៕