(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២០,៥២៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ២៨,៦៩៤,៨៧៩នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។
បន្ថែមពីលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ៣,៣៨០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែ រនៅក្នុងរយៈពេលដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ៣៤៤,០៨២នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៦,៧៩៥,៥៤៩នាក់ បានជាសះស្បើយ។
តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើ គឺបង្ហាញពីការបន្តថយចុះគួរឲ្យកត់សម្គាល់មួយកម្រិតទៀត ខណៈកាលពីប៉ុន្មានសប្តាហ៍មុន វាបានលោតឡើងដល់ជាង ៤០០,០០០នាក់។ ដោយឡែក សម្រាប់តួលេខករណីស្លាប់ប្រចាំថ្ងៃ ហាក់បានកើនឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បន្ទាប់ពីស្ថិតនៅថយមកនៅក្រោម៣,០០០នាក់ បានប៉ុន្មានថ្ងៃ។ ទោះបីស្ថានការណ៍ ដូចជាធូរស្បើយបន្តិចក៏ដោយ ធៀបនឹងកាលពីពេលកន្លងទៅ អត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃនៃ COVID-19 នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ នៅតែជាកម្រិតដ៏ខ្ពស់ជាងគេដដែល បើប្រៀបជាមួយប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសកាលពីខែមករា ហើយរហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបជាង ២២៧លានដូសហើយ៕