(អ៊ូឡានបាទ័រ)៖ បេក្ខជនប្រធានាធិបតីម៉ុងហ្គោលីលោក ដាងហ្គាអាសួរែន អ៊ែងខាបាត (Dangaasuren Enkhbat) មកពីគណបក្សសម្ព័ន្ធអ្នកស្តាំនិយម រួមទាំងភរិយារបស់លោកផងដែរ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅមុនការបោះឆ្នោត ដែលនឹងមកដល់នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

លោក Enkhbat ដែលជាអតីតសមាជិកសភាម៉ុងហ្គោលីមួយរូបផងដែរ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កន្លងមកនេះ ពួកយើងគ្មានចេញរោគសញ្ញាអ្វីឡើយ។ ឥឡូវនេះពួកយើងកំពុងស្នាក់នៅដាច់ដោយឡែក ដើម្បីព្យាបាល...»

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ុងហ្គោលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ អ្នកនយោបាយចម្បងៗបីរូបដូចជា លោក Dangaasuren Enkhbat, លោក អ៊ូខាណា ឃូរែលស៊ូក (Ukhnaa Khurelsukh - ជាប្រធានគណបក្សប្រជាជនម៉ុងហ្គោលី ដែលកំពុងកាន់អំណាច) និងលោក សូដណុមហ្សាន់ឌុយ អឺដិន (Sodnomzundui Erdene) ជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងធំមួយនៅម៉ុងហ្គោលី នឹងត្រៀមខ្លួនទទួលសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋ នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ការបោះឆ្នោតនៅម៉ុងហ្គោលី បាននិងកំពុងរៀបចំឡើង ចំពេលដែលប្រទេសគ្មានព្រំដែនជាប់សមុទ្រ និងមានប្រជាជនតែ ៣.២៨លាននាក់មួយនេះ កំពុងរងការវាយលុកដោយរលកថ្មី នៃការឆ្លងរាតត្បាត COVID-19។ គិតត្រឹមថ្ងៃសុក្រម្សិលមិញ ម៉ុងហ្គោលីមានអ្នកឆ្លង COVID-19 សរុបជាង ៦២,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៣០១នាក់ និងជាសះស្បើយវិញជិត ៥៣,០០០នាក់។ អត្រាឆ្លង COVID-19 នៅម៉ុងហ្គោលីគឺជាង ១,០០០នាក់ក្នុង១ថ្ងៃ៕