(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា រុស្ស៉ីអាចនឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយឥតគិតថ្លៃដល់ជនបរទេស ដែលធ្វើដំណើរមកកាន់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

កំលុងវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង សេនត៍ ភីតធើស៍ប៊ឺក (St. Petersburg ឬ SPIEF) លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ថា លោកកំពុងរៀបចំឲ្យមន្ត្រីរដ្ឋាភិបាលលោក ធ្វើការសិក្សាលម្អិតមួយ ដើម្បីកំណត់លក្ខខណ្ឌសម្រាប់ឲ្យជនបរទេស ដែលធ្វើដំណើរមកកាន់រុស្ស៉ី អាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ។

គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V ដែលលេចធ្លោជាងគេរបស់រុស្ស៉ី ត្រូវបានអនុម័តឲ្យប្រើប្រាស់នៅប្រទេសចំនួន ៦៦ ជុំវិញពិភពលោក ហើយកំពុងតែស្ថិតក្រោម ការវាយតម្លៃរបស់ទីភ្នាក់ងារឱសថអឺរ៉ុប EMA និងអង្គការសុខភាពពិភពលោក WHO។ ពាក់ព័ន្ធយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសរុស្ស៉ី បើតាមការឲ្យដឹងពីរដ្ឋមន្រ្តីសុខាភិបាលរុស្ស៉ីកាលពីសប្តាហ៍មុន មនុស្សប្រមាណ ១៧លាននាក់ ក្នុងចំណោមប្រជាជនរុស្ស៉ីសរុប ១៤៤លាននាក់ បានទទួលការចាក់វ៉ាក់សាំង COVID-19 យ៉ាងហោច ១ដូស និងជិត ១៣លាននាក់ចាក់បានគ្រប់ដូស៕