(ប៉េកាំង)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ (Sinovac) បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ (booster dose) របស់ខ្លួនបានបញ្ចប់ការធ្វើតេស្តសាកល្បងដំណាក់កាលទី ២ ហើយ ដោយក្រុមអ្នកស្ម័គ្រចិត្តបានទទួលការចាក់ដូសទី ៣ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង ២ដូសរួចរាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

លោក យិន វៃតុង (Yin Weidong) នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតឱសថចិន Sinovac បានគូសបញ្ជាក់ថា អ្នកចូលរួមចាក់វ៉ាក់សាំងដូសទី ៣ បានឃើញកម្រិតអង្គបដិប្រាណ (អង់ទីករ) ប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) កើនឡើង ១០ដងបើធៀបនឹងកម្រិតមុន (កម្រិតនៅក្រោយការចាក់ ០២ដូស) ក្រោយការចាក់រយៈពេល ០១សប្តាហ៍ និងកើនឡើង ២០ដងក្នុងរយៈពេល ០២សប្ដាហ៍។

បើតាមក្រុមហ៊ុន Sinovac បានរំលឹកកាលពីសុក្រសប្តាហ៍នេះថា ខ្លួនត្រូវការពេលយូរបន្ថែមទៀត ដើម្បីត្រួតពិនិត្យមើលប្រសិទ្ធភាព នៃការធ្វើតេស្តវ៉ាក់សាំងដូសទី ៣ មុនពេលដែលត្រូវដាក់វាឲ្យអាជ្ញាធរចិនត្រួតពិនិត្យ។ នៅថ្ងៃសុក្រដដែល Sinovac ក៏បានប្រកាសផងដែរថា វ៉ាក់សាំងរបស់ខ្លួនត្រូវបានរដ្ឋាភិបាលចិន អនុម័តឲ្យប្រើក្នុងករណីបន្ទាន់់ហើយ ទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ០៣ឆ្នាំ ដល់ ១៧ឆ្នាំ៕