(រ៉ង់ហ្គូន)៖ ប្រេសិតរបស់អាស៊ាននៅថ្ងៃសុក្រសប្ដាហ៍នេះ បានជួបពិភាក្សាជាមួយរបបយោធា នៃប្រទេសមីយ៉ាន់ម៉ា ដោយលោក មីន អោង ហ្លេង បានរំលឹកឡើងវិញថា លោកនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតសាជាថ្មី នៅពេលប្រទេសនេះវិលត្រលប់ទៅរកសភាពធម្មតាវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។
ក្រុមអ្នកសារព័ត៌មាននៃរបបយោធាមីយ៉ាន់ម៉ា បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីការបរទេសប្រ៊ុយណេ លោក អ៊ីរីវ៉ាន់ ពើហ៉ីន យូស៊ូហ៍ (Erywan Pehin Yusof) និងអគ្គលេខាធិការអាស៊ាន លោក លីម ហ្សកហូយ (Lim Jock Hoi) បានជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា គឺលោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing)។
បើតាមសេចក្ដីថ្លែងការណ៍នោះ លោកឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា របបយោធានឹងរៀបចំការបោះឆ្នោតសាជាថ្មីនៅពេល «ស្ថានភាពវិលត្រលប់មករកសភាពប្រក្រតីវិញ»។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏បានស្ថិតក្នុងភាពច្របូកច្របល់ដែរ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីខែកុម្ភៈកន្លងទៅនេះ ដោយបានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២០ កន្លងទៅនេះ។
បើតាមក្រុមឃ្លាំមើលស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា មនុស្សជាង ៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់យោធា ប្រឆាំងនឹងចលនាទាមទារលទ្ធិប្រជាធិបតេយ្យ និងការដោះលែងលោកស្រី អោង សាន ស៊ូ ជី។ បច្ចុប្បន្នជម្លោះ និងការបែកបាក់ផ្ទៃក្នុង នៅតែបន្តកើតមាននៅទូទាំងសហភាពមីយ៉ាន់ម៉ា ជាពិសេសគឺកើនឡើងឥទ្ធិពលនៃរដ្ឋាភិបាលស្រមោល ដែលត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំកម្លាំង ប្រឆាំងតទល់នឹងរបបយោធា៕