(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,៩២៥នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥២០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,១៩២,០២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១២,២៤០នាក់ និងជាសះស្បើយឡើងសរុប ២៨,០៥៤,៩៩៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូសដំបូង ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដោយ ៧៥% នៃវ៉ាក់សាំងទាំងនោះនឹងត្រូវប្រគល់ឲ្យ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៩.១លាននាក់ (៥១.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣៦.៦៤លាននាក់ (៤១.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕