(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងពីភាពចាំបាច់បំផុតមួយ ដែលពិភពលោកទាំងមូលត្រូវការ រួមគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

លោក ពូទីន បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិ តាមរយៈវីដេអូខុនហ្វ្រិន ចេញពីសន្និបាតសេដ្ឋកិច្ចពិភពលោកលើកទី ២៤ នៃទីក្រុង សេនត៍ ភីធើស៍ប៊ឺក (St. Petersburg) ថា ពិភពលោកទាំងមូលមិនទាន់ឆ្លងផុតភាពលំបាក និងការរឹតបន្តឹងទាំងឡាយ ដែលបង្កឡើងដោយ COVID-19 នៅឡើយទេ ហើយលទ្ធផលប្រកបដោយប្រសិទ្ធភាពនានា អាចសម្រេចទៅបាន លុះត្រាណាតែមានកិច្ចសហប្រតិបត្តិការរួមមួយ។

លោក វ៉្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា «ប្រសិនបើប្រភពចម្លងមេរោគទាំងអស់ នៅមាននៅតាមតំបន់នានាក្នុងពិភពលោក នោះទៅមុខទៀត ពួកគេនៅតែអាចបន្តរាតត្បាតដដែល នៅទូទាំងសកលលោក»។ លោក ពូទីន បានក្រើនរំលឹកទៀតថា ផលប្រយោជន៍សេដ្ឋកិច្ចមិនគួរលើកឡើង ជាអាទិភាពនោះឡើយនៅក្នុងចំណុចនេះ ព្រោះយើងត្រូវគិតអំពីបញ្ហាមនុស្សជាតិជាចម្បង ហើយត្រូវតស៊ូប្រយុទ្ធដើម្បីវិស័យសុខាភិបាល និងជីវភាពរស់នៅរបស់ប្រជាជន៕