(អាមេរិក)៖ ក្រុមហ៊ុន Facebook បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបិទគណនីរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីគណនីរបស់លោកត្រូវបានគេហាមឃាត់ជាលើកដំបូង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។

បន្ទាប់ពីកាលកំណត់នោះ, Facebook នឹងវាយតម្លៃថាតើ «ហានិភ័យចំពោះសុវត្ថិភាពសាធារណៈ» នៃការស្តារគណនីរបស់លោក Trump ថាបានថយចុះដែរឬទេ។

ការផ្អាកនេះត្រូវបានធ្វើឡើង ក្រោមពិធីសារអនុវត្តច្បាប់ថ្មី ដែលបានប្រកាសកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ថាការផ្អាកពីពេលដំបូង ដោយគ្មានកំណត់ គឺមិនសមស្របនោះទេ។

គួររំលឹកថា គណនី Facebook របស់លោក Trump ត្រូវបានផ្អាកការប្រើប្រាស់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយសារតែមានហានិភ័យបន្ថែមទៀត នៃអំពើហិង្សា, ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយ នៅសភាអាមេរិក៕