(វ៉ាស៊ីនតោន)៖ នៅខែសីហា ឆ្នាំ២០១៧ វេណេស៊ុយអេឡាបានធ្លាក់ចូលក្នុងភាពចលាចលនៃបាតុកម្មតវ៉ាជាប្រវត្តិសាស្ត្រដែលអូសបន្លាយរយៈពេលដល់ទៅ ១០០ថ្ងៃជាប់ៗគ្នា ហើយបាតុករច្រើនជាង១០០នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតដោយសារតែគ្រាប់កាំភ្លើងរបស់កងកម្លាំងសន្តិសុខនៃរបបដឹកនាំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។

សហភាពអ៉ឺរ៉ុប រួមទាំងសហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងលើការបង្ក្រាបយ៉ាងបង្ហូរឈាមនេះ ខណៈជាការបង្ហាញការគាំទ្រដល់ក្រុមបាតុករ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសដាក់ចេញនូវគោលនយោបាយដាក់ទណ្ឌកម្មច្របាច់កវិស័យហិរញ្ញវត្ថុនៃរបបដឹកនាំលោក ម៉ាឌូរ៉ូ ដោយរំពឹងថាវាអាចនឹងជំរុញឱ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅវេណេស៊ុយអេឡា។ ប៉ុន្តែ ៤ឆ្នាំក្រោយមក ពោលគឺមកទល់នឹងបច្ចុប្បន្ន លោក ម៉ាឌូរ៉ូនៅតែអង្គុយ តំណែងជាប្រធានាធិបតី រីឯសំឡេងប្រឆាំងបានបែកខ្ចាត់ខ្ចាយសឹងថាមិនអាចប្រមូលឡើងវិញបាន។ ទណ្ឌកម្មមិនបានធ្វើឱ្យរបបដឹកនាំលោក ម៉ាឌូរ៉ូដួលរលំនោះទេ ផ្ទុយទៅវិញអ្នករងគ្រោះពិតប្រាកដជាច្រើនឆ្នាំមកនេះគឺប្រជាជនវេណេស៊ុយអេឡា។

បើតាមរបាយការណ៍របស់អង្គការសង្គមស៊ីវិល វិបត្តិសេដ្ឋកិច្ច និងនយោបាយបានរុញប្រជាជនវេណេស៊ុយអេឡា ៨នាក់ក្នុងចំណោម១០នាក់ ធ្លាក់ចូលក្នុងរណ្ដៅ ភាពក្រីក្រ, ជាង ៦លាននាក់រត់ភៀសខ្លួនទៅក្រៅប្រទេស និងច្រើនជាង ៧លាននាក់កំពុងត្រូវការជំនួយមនុស្សជាបន្ទាន់ក្នុងនោះរួមមានថ្នាំពេទ្យ, ជម្រកស្នាក់នៅ ចំណីអាហារ និងទឹកជាស្អាតជាដើម។

សរុបសេចក្ដីមកទណ្ឌកម្មមិនត្រឹមតែ មិនអាចផ្លាស់ប្ដូររបបដឹកនាំនោះទេ តែវាបែរជាធ្វើឱ្យអំណាចរបស់លោក ម៉ាឌូរ៉ូចាក់ឫសរឹតតែជ្រៅ និងកាន់តែរឹងមាំទៅវិញ។ តើមកពីមូលហេតុអ្វី? ចាប់តាំងពីឆ្នាំ២០០៦មក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំវេណេស៊ុយអេឡាដែលទីក្រុងវ៉ាស៊ីនតោនបានចោទថា រំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ, លាងលុយកខ្វក់ជាលក្ខណៈប្រព័ន្ធ និងមានទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលអាមេរិកហៅថាផ្ដាច់ការ។ នៅក្រោមការដឹកនាំ របស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកដាក់សម្ពាធជាអតិបរមាលើរបបដឹកនាំលោក ម៉ាឌូរ៉ូ ក្នុងគោលដៅជំរុញឱ្យមានការផ្លាស់ប្ដូររបបដឹកនាំថ្មីមួយនៅ វេណេស៊ុយអេឡា។

ដើម្បីបណ្ដេញលោក ម៉ាឌូរ៉ូ ចេញពីអំណាច អតីតរដ្ឋបាលលោក ដូណាល់ ត្រាំបានដាក់ទណ្ឌកម្ម ៣ប្រភេទផ្សេងៗគ្នាលើវេណេស៊ុយអេឡា។ ទណ្ឌកម្មដំបូងគេ បានចាប់ផ្ដើមនៅខែសីហា ឆ្នាំ២០១៧។ តាមរយៈទណ្ឌកម្មនេះ លោក ត្រាំបានហាមឃាត់រដ្ឋាភិបាលវេណេស៊ុយអេឡាពីការចូលទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ហើយដែលការសម្រេចចិត្តនេះបានបន្ថែមវិបត្តិហិរញ្ញវត្ថុទៅលើរដ្ឋវេណេស៊ុយអេឡាដែលបានក្ស័យធនរួចទៅហើយនោះ។ នៅមុនពេលការដាក់ទណ្ឌកម្ម រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ និងក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA អាចចូលទៅកាន់ទីផ្សារបំណុល និងស្ថាប័នដទៃទៀត។ ជាឧទាហរណ៍ ក្នុងឆ្នាំ២០១៧ ធនាគារអាមេរិក Goldman Sachs បានទិញបណ្ណបំណុល ២.៨ពាន់លានដុល្លារពីក្រុមហ៊ុន PDVSA ដែលបានផ្ដល់ទុនយ៉ាងច្រើនដល់ក្រុមហ៊ុនមួយនេះ។ ប៉ុន្តែ ក្រោយការដាក់ទណ្ឌកម្មរបស់លោក ត្រាំ ជម្រើសល្អបែបនេះបានរលាយបាត់។

ក្នុងឆ្នាំ២០១៩ លោក ត្រាំបានបង្កកទ្រព្យសម្បត្តិនៃគណនីធនាគាររបស់រដ្ឋាភិបាលវេណេស៊ុយឡាដែលតម្កល់ទុកក្នុងសហរដ្ឋអាមេរិក ហើយបានហាមមិនឱ្យ គ្រប់ក្រុមហ៊ុន និងពលរដ្ឋអាមេរិករកស៊ី ឬក៏ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ នោះទេ បើគ្មានការអនុញ្ញាតពីក្រសួងហិរញ្ញវត្ថុអាមេរិក។ ទណ្ឌកម្មប្រភេទទី២ ដែលលោក ត្រាំដាក់លើវេណេស៊ុយអេឡាគឺជាប្រភេទទណ្ឌកម្មជាក់លាក់ ដោយនៅខែមករា ឆ្នាំ២០១៩ ក្រសួងហិរញ្ញវត្ថុអាមេរិកបានបង្កកទ្រពសម្បត្តិ
របស់ក្រុមហ៊ុន PDVSA នៅក្នុងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ក្នុងខែមករានោះដែរ ក្រសួងហិរញ្ញវត្ថុអាមេរិកបានហាមឃាត់រាល់ក្រុមហ៊ុនអាមេរិកពីការរកស៊ី ជាមួយ PDVSA រហូតដល់ចុងឆ្នាំ២០១៩ ទើបទីក្រុងវ៉ាស៊ីនតោនបានហាមក្រុមហ៊ុនទាំងអាមេរិក និងក្រុមហ៊ុនបរទេសនានាមិនឱ្យរកស៊ីជាមួយក្រុមហ៊ុនប្រេងរដ្ឋ វេណេស៊ុយអេឡាមួយនេះ។ ជាលទ្ធផលទណ្ឌកម្មនេះបានធ្វើឱ្យការនាំចេញប្រេងរបស់ក្រុមហ៊ុន PDVSA ធ្លាក់ចុះពី១.៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែធ្នូ ឆ្នាំ២០១៨ មកនៅត្រឹមតែ ៣៩០,០០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ នៅខែមិថុនា ឆ្នាំ២០២០។

ចំណែកឯ ទណ្ឌកម្មប្រភេទទី៣ នោះគឺទណ្ឌកម្មលើបុគ្គល។ អតីតរដ្ឋបាលលោក ដូណាល់ ត្រាំបានបង្កទ្រព្យសម្បត្តិ និងគណនីធនាគាររបស់បុគ្គលដែលមានទំនាក់ទំនងជាមួយរបបរបស់លោក ម៉ាឌូរ៉ូ។ គិតត្រឹមថ្ងៃលោក ត្រាំ បញ្ចប់អាណត្តិជាប្រធានាធិបតី ក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលច្រើនជាង ១៦០នាក់ ក្នុងនោះរួមមានទាំងបុគ្គលដែលមានទំនាក់ទំនងនឹងរបបលោក ម៉ាឌូរ៉ូ, ក្រុមឧត្ដមសេនីយ៍វេណេស៊ុយអេឡា, ចៅក្រមតុលាការកំពូល និងលោក ម៉ាឌូរ៉ូ ផ្ទាល់តែម្ដង។ ក្រុមអ្នកបង្កើតគោលនយោបាយជាច្រើនសុទ្ធតែយល់ថាទណ្ឌកម្មទាំងនេះនឹងបិទខ្ទប់ការដកដង្ហើមរស់របស់របបលោក ម៉ាឌូរ៉ូ។ ក៏ប៉ុន្តែ មិនត្រឹមតែ នៅតែអាចដកដង្ហើមរស់ប៉ុណ្ណោះទេ អំណាចរបស់លោក ម៉ាឌូរ៉ូបែរជាកាន់តែចាក់ឫសរឹតតែរឹងមាំមិនធ្លាប់មានពីមុនមក ចាប់តាំងពីឆ្នាំ២០១៧ ជាពេលដែលរបបដឹកនាំរបស់លោកប្រឈមមុខនឹងបាតុកម្មតវ៉ាទូទាំងប្រទេស ទៅវិញ។

បើតាមក្រសួងយុត្តិធម៌អាមេរិក វិធីសាស្ត្រដែលរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ប្រើដើម្បីរកចំណូល និងគេចចេញពីទណ្ឌកម្ម នោះគឺការធ្វើពាណិជ្ជកម្មខុសច្បាប់មួយចំនួន តែក្រុមអ្នកជំនាញខ្លះគិតថារបៀបដែលលោក ម៉ាឌូរ៉ូ អាចគេចចេញពីទណ្ឌកម្ម គឺការប្រឹងប្រែងរៀនសូត្រពីរបៀបរស់នៅក្រៅដែនឥទ្ធិពលនៃប្រព័ន្ធហិរញ្ញវត្ថុ អាមេរិក ហើយដើម្បីអាចធ្វើបែបនេះបាន រដ្ឋាភិបាលលោក ម៉ាឌូរ៉ូបានពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃដែលជាគូសត្រូវរបស់សហរដ្ឋអាមេរិក។
ជាឧទាហរណ៍ជាក់សែ្ដង នៅពេលដែលសហរដ្ឋអាមេរិកហាមមិនឱ្យក្រុមហ៊ុនទាំងអស់ក្នុងលោក រកស៊ីជាមួយក្រុមហ៊ុនប្រេង PDVSA លោក ម៉ាឌូរ៉ូ បានបោះដៃ
ទៅរកអ៉ីរ៉ង់ដែលបានផ្ដល់ជំនួយជួយដល់ក្រុមហ៊ុន PDVSA ក្នុងការចម្រាញ់ប្រេង។ លើសពីនេះទៅទៀត ក្រៅពីអ៉ីរ៉ង់ វេណេស៊ុយអេឡាក៏ជាដៃគូរកស៊ីជាមួយរុស្ស៊ី ជាពិសេសគឺចិនផងដែរដែលបច្ចុប្បន្នជាម៉ូយទិញប្រេងដ៏ធំបំផុតរបស់វេណេស៊ុយអេឡា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ចិនបានទិញប្រេង ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃពីវេណេស៊ុយអេឡាដែលនេះបានជួយបង្កើនការនាំចេញប្រេងរបស់វេណស៊ុយអេឡាដល់ ៧០០,០០០បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែកុម្ភៈដដែល ហើយនេះគឺជាតួលេខនាំចេញប្រេងខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំមកនេះ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវប្រឈមមុខនឹងការជ្រើសរើសមួយថាតើសហរដ្ឋអាមេរិកគួរតែបន្តយុទ្ធសាស្ត្រ បច្ចុប្បន្នដែលបន្សល់ទុកពីជំនាន់លោក ដូណាល់ ត្រាំ ឬក៏បន្ធូរដៃខ្លះដើម្បីកុំឱ្យវេណេស៊ុយអេឡាកាន់តែស្និទទៅចិន ឬរុស្ស៊ី៕

ប្រភព៖ Foreign Policy (ថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០២១)