(ឡង់ដ៍)៖ និយតករអង់គ្លេសបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/ BioNTech ចំពោះកុមារដែលមានអាយុចាប់ពី១២ ដល់១៥ឆ្ នាំដោយនិយាយថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងមានប្រសិទ្ធភាពសម្រាប់អាយុក្រុមនេះ ហើយអត្ថប្រយោជន៍របស់វាទៀតសោតមានច្រើនជាងហានិភ័យ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឱសថ និងសុខាភិបាល (MHRA) របស់អងគ្លេសបាននិយាយថា ខ្លួនបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើវ៉ាក់សាំងនេះ សម្រាប់ក្មេងជំទង់។ ទោះជាយ៉ាងណា គណៈកម្មាធិការចម្រុះសម្រាប់ការចាក់វ៉ាក់សាំងនឹងធ្វើការសម្រេចចិត្តថា តើកុមារគួរទទួលចាក់វ៉ាក់សាំងទាំងនោះ ឬអត់។
គួរបញ្ជាក់ថា ពេលថ្មីៗនេះ សហភាពអឺរ៉ុបបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះក្មេងជំទង់អាយុចន្លោះពី ១២-១៥ ឆ្នាំរួចស្រេចទៅហើយ ខណៈដែលសហរដ្ឋអាមេរិក និងកាណាដាបានចាប់ផ្តើមចាក់វ៉ាក់សាំងលើកុមារនៅក្នុងក្រុមអាយុនេះ កាលពីដើមខែនេះមកម៉្លេះ៕