(វៀងច័ន្ទ)៖ ការិយាល័យនាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃសុក្រនេះបានចេញសេចក្តីជូនដំណឹងថា វិធានការបិទខ្ទប់ដើម្បីបង្ការ និងគ្រប់គ្រងជំងឺ COVID-19 នៅក្នុងប្រទេសឡាវ ត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី១៩ ខែមិថុនា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

បើតាមសេចក្តីជូនដំណឹងខាងលើ ការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាសអាចនឹងបន្តដំណើរការឡើងវិញរវាងរដ្ឋធានីវៀងច័ន្ទ និងបណ្តាខេត្តនានានៅទូទាំងប្រទេសឡាវ សម្រាប់អ្នកដំណើរដែលបានទទួលបាន ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញគ្រប់ចំនួន ២ដូសយ៉ាងហោចណាស់រយៈពេល ០១ខែដោយមិនតម្រូវឲ្យមានការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃទៀតឡើយ។

ចំណែកឯការដឹកជញ្ជូនទំនិញអន្តរជាតិ អាចនឹងតម្រូវឱ្យដំណើរការឡើងវិញដែរ ប៉ុន្តែត្រូវអនុវត្តតាមវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ វិធានការបង្ការ និងគ្រប់គ្រងជំងឺ COVID-19 មានដូចជាការវាស់កម្ដៅ ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស និងការប្រើប្រាស់ជែលលាងដៃសម្លាប់មេរោគជាដើម។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,៩៥២ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,៦៨០នាក់៕