(តូក្យូ)៖ ចំនួនទារកចាប់កំណើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះទាបបំផុតបំបែកកំណត់ត្រាថ្មីមួយកាលពីឆ្នាំ២០២០ ខណៈការឆ្លងរាតត្បាត COVID-19 អាចជា មូលហេតុមួយនៃការថយចុះនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើទិន្នន័យចេញផ្សាយដោយក្រសួងសុខាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងទៀតថាកាលពីឆ្នាំ២០២០ កុមារ ៨៤០,៨៣២នាក់បានចាប់កំណើត។ ទន្ទឹមគ្នា ក្រុមអ្នកជំនាញយល់ថាការថយចុះនេះគឺមួយផ្នែកបណ្ដាលមកពីការឆ្លងរាតត្បាត COVID-19 ដែលធ្វើឱ្យ គូស្វាមីភរិយាមួយចំនួនធំ ស្ទាក់ស្ទើរក្នុងការយកកូន ខណៈរងផលប៉ះពាល់អស្ថិរភាពហិរញ្ញវត្ថុ និងបារម្ភពីការធ្វើដំណើរទៅមន្ទីរពេទ្យដោយសារតែខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនជប៉ុនបានថយចុះ ៥៣១,៨១៦នាក់ដែលជាអត្រាខ្ពស់បំផុតមួយ ខណៈចំនួនមធ្យមនៃស្ត្រី ដែលពពោះកូន មាន១.៣៤នាក់។ ចំណែកឯ តួលេខអ្នករៀបការមានចំនួន ៥២៥,៤៩០នាក់ជាចំនួនទាបបំផុតមិនធា្លប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក ស្របពេលអត្រាអ្នកលែងលះគ្នាក៏បានថយចុះផងដែរ៕