(ឡុងដ៍)៖ ការសិក្សាស្រាវជ្រាវថ្មីមួយនៅចក្រភពអង់គ្លេស បានរកឃើញថា ផ្ទាំងកកនៅតំបន់សមុទ្រទឹកកកអាក់ទិច នៃប៉ូលខាងជើង ហាក់កំពុងតែមានកម្រាស់ស្តើងទៅៗ លឿនជាងការរំពឹងទុកកន្លងមកដល់ទៅទ្វេដង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

ការសិក្សាវិភាគមួយ ដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ UCL របស់ចក្រភពអង់គ្លេសបានសន្និដ្ឋានថា ផ្ទាំងទឹកកនៅតំបន់ សមុទ្រទឹកកកអាក់ទិច កំពុងតែមានកម្រាស់ស្តើងទៅៗក្នុងល្បឿនចន្លោះ ៧០-១០០ភាគរយ លឿនជាងអ្វីដែលអ្នកវិទ្យាសាស្រ្ត ធ្លាប់បានមូលមតិគ្នាសន្និដ្ឋាន នាពេលកន្លងមក។ ក្រុមស្រាវជ្រាវនៃការសិក្សានេះ បានប្រើប្រាស់ផែនទីដែលមានទិន្នន័យថ្មីៗ នៃជម្រៅព្រិលនៅលើ ផ្ទាំងទឹកកកក្នុងតំបន់នោះ។

កម្រាស់នៃផ្ទាំងទឹកកក អាចប៉ាន់ប្រមាណបាន តាមរយៈការវាស់កម្ពស់របស់វានៅលើផ្ទៃទឹក ក៏ប៉ុន្តែដើម្បីឲ្យការវាស់នេះប្រព្រឹត្តទៅត្រឹមត្រូវ គេត្រូវថ្លឹងថ្លែងលើជម្រៅព្រិលនៅលើពួកវាផងដែរ។ ក្រុមអ្នកស្រាវជ្រាវ UCL បាននិយាយថា កន្លងមកក្រុមអ្នកវិទ្យសាស្រ្តបានប្រើប្រាស់ ផែនទីជម្រៅព្រិលនៅតំបន់សមុទ្រអាក់ទិច តាំងពីយូរមកហើយ ដែលមិនបានរាប់បញ្ចូល ផលប៉ះពាល់នៃកត្តាបម្រែបម្រួលអាកាសធាតុ។

គួរបញ្ជាក់ថា តំបន់សមុទ្រទឹកកកអាក់ទិច គឺជាជម្រកនៃផ្ទាំងកកកសរុបទំហំរាប់លាន គីឡូម៉ែត្រក្រឡា ដែលមានសារៈសំខាន់ជាខ្លាំង ដើម្បីបន្ថយកម្តៅភពរបស់យើង ប៉ុន្តែបច្ចុប្បន្នវាកំពុងតែកើនឡើងសីតុណ្ហភាពខ្លាំងឡើងៗ។ ការថយចុះនៃផ្ទាំងកកកនៅ សមុទ្រអាក់ទិច ក៏កំពុងដុតបញ្ឆេះភាពតានតឹងភូមិសាស្រ្តនយោបាយផងដែរ ស្របពេលដែលប្រទេសនានានៅជុំវិញតំបន់នោះ កំពុងសម្លឹងមើលធនធាន នៅប៉ូលខាងជើង និងសក្តានុពលនៃតំបន់នោះ ដើម្បីធ្វើជាច្រកធ្វើដំណើរថ្មីតាមផ្លូវសមុទ្រ៕