(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការចុះហត្ថលេខារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើបទបញ្ជាហាមឃាត់ការវិនិយោគ ចូលទៅក្នុងក្រុមហ៊ុនផលិតសព្វាវុធ និងក្រុមហ៊ុនបច្ចេកវិទ្យាចិនរាប់សិបក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានគូសបញ្ជាក់ប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក «គោរពច្បាប់ និងគោលការណ៍ទីផ្សារ និងដកបញ្ជីហាមឃាត់ការវិនិយោគទាំងនោះចេញវិញ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលហាមឃាត់អង្គភាពអាមេរិកនានា ពីការវិនិយោគចូលទៅក្នុងក្រុមហ៊ុនចិនចំនួន ៥៩ ដែលសហរដ្ឋអាមេរិកខ្លួនឯងបានចាត់ទុកថា មានទំនាក់ទំនងនឹងវិស័យការពារជាតិ ឬការតាមដានសម្ងាត់ផ្នែកបច្ចេកវិទ្យា។ បទបញ្ជាថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី០២ ខែសីហាខាងមុខ៕