(យូអិន)៖ ថ្ងៃទី២ ខែមិថុនា លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួមសន្និសីទវិសាមញ្ញរបស់ មហាសន្និបាតអង្គការសហប្រជាជាតិស្តីពី “ការប្រឈម និងវិធានការក្នុងការបង្ការ និងបង្ក្រាបអំពើពុករលួយ” តាមប្រព័ន្ធវីដេអូ និងថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ប្រកាន់ខ្ជាប់គំនិតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ រួមគ្នាបង្កើតភពផែនដីដែលមានភាពស្អាតស្អំ»។
ថ្លែងក្នុងសុន្ទរកថា លោក Zhao Leji បានលើកឡើងថា បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន ប្រកាន់ជំហរច្បាស់លាស់ ក្នុងការប្រឆាំងអំពើពុករលួយ ធ្វើឱ្យប្រព័ន្ធត្រួតពិនិត្យសង្គមនិយម មានសុក្រឹតភាពឥតឈប់ឈរ ហើយបានស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការធ្វើឱ្យខ្លួនឯងមានភាពស្អាតស្អំ ក្រោមលក្ខខណ្ឌកាន់អំណាចក្នុងរយៈពេលយូរ ព្រមទាំងទទួលបានការគាំទ្រយ៉ាងស្មោះ និងទូលំទូលាយពីសំណាក់ប្រជាជនចិន ដែលបានផ្តល់ការធានាយ៉ាងរឹងមាំ សម្រាប់ការសម្រេចបាននូវស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍជានិរន្តរភាព។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារប្រឆាំងអំពើពុករលួយ មជ្ឈិមបក្សកុម្មុយនិស្តចិនធ្វើការដឹកនាំជាឯកភាព ក្នុងការងារប្រឆាំងអំពើពុករលួយ ដែលបានក្លាយជាការណែនាំ និងការធានាខាងនយោបាយយ៉ាងខ្លាំងក្លាបំផុត ក្នុងការងារប្រឆាំងអំពើពុករលួយ។
លោក Zhao Leji បានគូសបញ្ជាក់ទៀតថា ប្រទេសចិនជាអ្នកចូលរួម និងអ្នករួមចំណែកយ៉ាងសកម្ម នៃការងារប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចជាសកល។ បច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកបាន និងកំពុងឋិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺឆ្លង ផលប្រយោជន៍នៃបណ្តាប្រទេសនានា កាន់តែមានភាពប្រទាក់ក្រឡាគ្នា ដូចនេះកាន់តែត្រូវប្រកាន់ខ្ជាប់នូវទស្សនៈស្តីពី សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ និងពួតដៃគ្នាប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលអង្គការសហប្រជាជាតិ រៀបចំធ្វើសន្និសីទវិសាមញ្ញអំពីបញ្ហាពុករលួយ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសនានាជាដើម បានចូលរួមសន្និសីទលើកនេះ៕