(បាងកក)៖ ក្រុមហ៊ុន AstraZeneca នៅថ្ងៃសុក្រនេះ បានប្រគល់វ៉ាក់សាំងចំនួន ១.៨លានដូស ឲ្យទៅក្រសួងសុខាភិបាលថៃ ខណៈពួកវាជាវ៉ាក់សាំងដែលត្រូវបានផលិត នៅក្នុងប្រទេសថៃផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
វ៉ាក់សាំង១.៨លានដូសនោះ គឺជាវ៉ាក់សាំងបាច់ដំបូង ក្នុងចំណោមវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃ សរុបចំនួន០៦លានដូស ដែលត្រូវប្រគល់ឲ្យរដ្ឋាភិបាលថៃ ក្នុងខែមិថុនានេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសថៃ បានប្រាប់ថា ខ្លួនបានចាប់ផ្តើមទទួលវ៉ាក់សាំងពី ក្រុមហ៊ុនថៃ ស៉្យាម បាយអូសាយអិន (Siam Bioscience) ហើយ។ ក្រុមហ៊ុន Siam Bioscience ជាអ្នកទទួលបន្ទុកផលិតវ៉ាក់សាំង AstraZeneca នៅថៃ។
នាយកក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសថៃ បាននិយាយថា ការប្រគល់វ៉ាក់សាំងជិត២លានដូសខាងលើ គឺជាការចាប់ផ្តើមបោះជំហានឆ្ពោះទៅរក ការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដោយនិរន្តរភាព នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយក្រុមហ៊ុននឹងអាចផ្តល់វ៉ាក់សាំង តាមពេលវេលាកំណត់ឲ្យរដ្ឋាភិបាលថៃ ព្រមទាំងចាប់ផ្តើមការនាំចេញទៅកាន់ បណ្តាប្រទេសដទៃទៀតនៃសមាជិកអាស៊ាន នៅខែកក្កដាខាងមុខ។
គួរបញ្ជាក់ថា បើតាម AstraZeneca វ៉ាក់សាំងរបស់ខ្លួន ដែលផលិតដោយក្រុមហ៊ុន Siam Bioscience គឺស្របទាំងស្រុងទៅតាមស្តង់ដាគុណភាព ដូចដែល បានផ្ទៀងផ្ទាត់តាមរយៈការធ្វើតេស្តនៅមន្ទីរពិសោធន៍ ក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងក្នុងប្រទេសថៃផ្ទាល់៕