(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ជប៉ុនបានប្រគល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំនួន១.២៤លានដូស ឲ្យដល់ដៃតៃវ៉ាន់ ដោយឥតគិតថ្លៃ ខណៈដែនកោះនេះ កំពុងតែត្រូវការវាជាចាំបាច់ ដើម្បីទប់ទល់ការឆ្លងរាតត្បាតក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
កំលុងការប្រកាសពីការផ្តល់វ៉ាក់សាំងខាងលើ កាលពីវេលាព្រឹកថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តូស្ស៉ីមីតស៊ូ ម៉ូតេហ្គិ (Toshimitsu Motegi) បានលើកឡើងនូវភាពជាដៃគូដ៏សំខាន់ និងចំណងមិត្តភាពរវាងជប៉ុន និងកោះតៃវ៉ាន់ ហើយបានរំលឹកឡើងវិញ នូវគ្រាដែលជប៉ុនរងគ្រោះមហន្តរាយរញ្ជួយដី-ស៊ូណាមិញយ៉ាងអាក្រក់ កាលពី១០ឆ្នាំមុនផងដែរ ដែលពេលនោះតៃវ៉ាន់ចេញមុខចូលរួមជួយជប៉ុនភ្លាមៗ។
វ៉ាក់សាំងដែលជប៉ុនបរិច្ចាគ បានដឹកទៅដល់អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងតៃប៉ិ នាវេលារសៀលថ្ងៃដដែល ហើយរដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ លោក ឆិន ស្ស៉ីឈុង (Chen Shih-chung) បានសម្តែងការត្រេកអរ និងអរគុណជាខ្លាំង ខណៈវ៉ាក់សាំងទាំងនេះ បានមកដល់ចំពេលដែល តៃវ៉ាន់កំពុងតទល់ជាមួយការរាតត្បាតនៃ COVID-19។ បើតាមលោក ឆិន ករណីឆ្លងថ្មីៗ ៤៧២នាក់ទៀត ត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា មុនការមកដល់នៃវ៉ាក់សាំងរបស់ជប៉ុន តៃវ៉ាន់ទទួលបានវ៉ាក់សាំងសរុបតែ៩៦០,០០០ដូសប៉ុណ្ណោះ ភាគច្រើនជារបស់ក្រុមហ៊ុន AstraZeneca និងមួយចំនួនតូចជារបស់ក្រុមហ៊ុន Moderna ខណៈខ្លួនបានបញ្ជាទិញវ៉ាក់សាំងសរុបចំនួនជាង ២០លានដូស ពីក្រុមហ៊ុនទាំងពីរ។ មកទល់ពេលនេះ ប្រជាជនតៃវ៉ាន់ត្រឹម៣ភាគរយប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 យ៉ាងតិច១ដូស។ តៃវ៉ាន់មាន ប្រជាជនសរុបចំនួនជាង២៣លាននាក់៕