(បាងកក)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៉ីនៅថ្ងៃសុក្រនេះ បានប្រកាសផ្តល់ការអនុម័តដោយភ្ជាប់លក្ខខណ្ឌចំពោះ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលផលិតដោយដោយក្រុមហ៊ុន ស៉្យាម បាយអូសាយអិន (Siam Bioscience) នៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
អគ្គនាយកសុខាភិបាលម៉ាឡេស៉ី លោក នួរ ហីស្សាម អាប់ឌុលឡោះ (Noor Hisham Abdullah) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំង AstraZeneca ដែលបាន ពីប្រទេសថៃនឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៉ី។ ប្រទេសអាស៊ានមួយនេះ បានបញ្ជាទិញវ៉ាក់សាំង AstraZeneca សរុប១២.៨លានដូស ក្នុងនោះពាក់កណ្តាលបានមកតាមកម្មវិធី COVAX និងពាក់កណ្តាលទៀត ទិញតាមក្រុមហ៊ុន AstraZeneca ផ្ទាល់។
គួរបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ចំនួន៦១០,០០០ដំបូង មកពីប្រទេសថៃ នឹងមកដល់ម៉ាឡេស៉ី ក្នុងខែមិថុនានេះ ហើយ៤១០,០០០ដូសទៀត នឹងមកដល់នៅខែកក្កដា ខណៈនៅចន្លោះខែសីហា និងខែកញ្ញា ខាងមុខ ម៉ាឡេស៉ីរំពឹងទទួលបាន ១.២លានដូស។ មកទល់ពេលនេះ ម៉ាឡេស៉ីសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប៣.២១លានដូស ដោយប្រជាជន១.១១លាននាក់ (ស្មើនឹង៣.៥ភាគរយ នៃចំនួនប្រជាជនសរុប៣២លាននាក់) ចាក់បានគ្រប់ដូស គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១៕