(ស៉ីដនី)៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី នៅថ្ងៃសុក្រនេះបានរាយការណ៍ថា ខ្លួនបានរកឃើញវត្តមានវីរុស COVID-19 បំប្លែងខ្លួនថ្មី ឌែលតា (Delta ឬ B16172) (វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា) ជាលើកដំបូងបង្អស់ នៅក្នុងចំណោមករណីឆ្លង ដែលផ្ទុះឡើងចុងក្រោយបង្អស់នៅក្នុងរដ្ឋធានី មែលប៊ន (Melbourne)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
ប្រធានមន្រ្តីសុខាភិបាលរដ្ឋ Victoria លោក ប្រ៊ែត ស៊ូតថុន (Brett Sutton) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុង មែលប៊ឺន (Melbourne) ថា វីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ០២ករណីត្រូវបានរកឃើញជាលើកដំបូងបង្អស់នៅរដ្ឋ Victoria ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារវាមិនមានជាប់ទាក់ទង ទៅនឹងករណីឆ្លងដែលចេញពីកន្លែងដាក់ឲ្យធ្វើចត្តាឡីស័ក ឬកន្លែងផ្សេងទៀតនៅទូទាំងអូស្រ្តាលីនោះទេ។
លោក Brett Sutton បានគូសបញ្ជាក់ប្រាប់បន្ថែមថា «វាជាការព្រួយបារម្ភមួយដែលថា វាមិនបានជាប់ទាក់ទងទៅនឹង ករណីឆ្លងផ្សេងៗទៀតទេ ដូច្នេះយើងមិនអាចដឹងច្បាស់ ពីចង្កោមចម្លងរបស់វាឡើយ ប៉ុន្តែយើងកំពុងតាមដានរក ករណីជាប់ទាក់ទងបឋមទាំងអស់នោះ... ហើយកំពុងព្យាយាមពិនិត្យតាមដាន រកមើលកន្លែងដែលវាត្រូវបានចម្លងផងដែរ»។
គួរបញ្ជាក់ថា រដ្ឋ Victoria ជារដ្ឋដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ២ នៅក្នុងប្រទេសអូស្ត្រាលី កំពុងព្យាយាមទប់ស្កាត់នឹងការផ្ទុះឡើង នូវករណីឆ្លងថ្មីបំផុតរបស់ខ្លួន ដែលមានចំនួន ៦៥ករណីគិតចាប់តាំងពីថ្ងៃទី២៤ ខែឧសភា បន្ទាប់ពីគ្មានករណីឆ្លងអស់រយៈពេលជាង ០៣ខែមកហើយ ដោយសារការដាក់ចេញនូវវិធានការរឹតត្បិត យ៉ាងតឹងរ៉ឹងបំផុតលើចលនារបស់ប្រជាជន និងបិទផ្នែកធំៗជាច្រើននៃសេដ្ឋកិច្ចរបស់ខ្លួន។
គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ប្រទេសអូស្រ្តាលីបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនច្រើនជាង ៤.៦លានដូសហើយ នៅទូទាំងប្រទេសដែលមានប្រជាជនពេញវ័យសរុបប្រហែលជា ២០លាននាក់មួយនេះ៕