(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានអំពាវនាវឱ្យជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាចូលរួមក្នុងចលនា បះបោរផ្ដួលរំលំរបបយោធា ជាមួយការសន្យាថានឹងផ្ដល់សញ្ជាតិជាពលរដ្ឋមីយ៉ាន់ម៉ាពេញសិទ្ធិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី កាលពី ថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។ យោធាមីយ៉ាន់ម៉ានៅតែបន្តការបង្ក្រាបលើក្រុមអ្នកប្រឆាំង ដោយបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៨០០នាក់ហើយ ជាហេតុជំរុញ ឱ្យអតីតក្រុមសមាជិកសភានៃគណបក្ស NLD របស់លោកស្រី ស៊ូជីបង្កើតរដ្ឋាភិបាលស្រមោលមួយមានឈ្មោះថា «រដ្ឋាភិបាលរួបរួមជាតិ» (National Unity Government) ដែលបាននិងកំពុងប្រមូលកម្លាំងពីក្រុមជនជាតិដើមភាគតិចទាំងអស់នៅទូទាំងប្រទេសឱ្យចូលរួមក្នុងចលនាបះបោរប្រឆាំងរបបយោធា។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបានគូសបញ្ជាក់ដូច្នេះថា៖ «យើងសូមអញ្ជើញឱ្យ ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាចូលរួមជាមួយនឹងពួកយើង និងជាមួយក្រុមជនជាតិដើមភាគតិដទៃនៅក្នុងចលនាបដិវត្តន៍ប្រឆាំងនឹងរបបយោធាផ្ដាច់ការ»។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានប្រកាសចាត់ទុកថារដ្ឋាភិបាលស្រមោលជា «អង្គការភេរវករ» ដែលមានន័យថាអ្នកដែលបានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល ស្រមោលនេះនឹងត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រឆាំងភេរវកម្ម៕