(ប៉ារីស)៖ អាជ្ញាធរបារាំង នៅទីក្រុង Paris បានធ្វើការស៊ើបអង្កេត លើយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air France ដែលបានធ្វើដំណើរមកដល់ ពីប្រទេសឆាដ បន្ទាប់ពីមានការគម្រាមកំហែងជាអនាមិក អំពីការមានឧបករណ៍ផ្ទុះ នៅលើយន្តហោះ, នេះបើតាមការលើកឡើងពីមន្ត្រី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។
Air France បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីមានការគម្រាមកំហែង, ជើងហោះហើរ AF865 របស់ Air France មកពីទីក្រុង N'Djamena ទៅកាន់ទីក្រុង Paris ត្រូវបានហោះអមការពារ ដោយយន្តហោះចម្បាំង French Air Force មួយគ្រឿង និងបានចុះចតនៅឯអាកាសយានដ្ឋាន Paris-Charles de Gaulle។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerard Darmanin បានលើកឡើងថា ដោយសារតែសង្ស័យមានវត្តមានឧបករណ៍ផ្ទុះ នៅលើយន្តហោះ, ការស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្តើមធ្វើឡើង៕