(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២៥០ករណីបន្ថែមទៀត ក្នុងនោះ ២៣១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ១៩នាក់ទៀតជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីសហគមន៍ដែលបានបញ្ជាក់នៅថ្ងៃនេះ មាន១៤៥ករណីត្រូវបានរកឃើញនៅភាគខាងជើង នៃខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤៤ ករណីនៅខេត្ត Bac Ninh , ៣០ករណីនៅភាគខាងត្បូងទីក្រុងហូជីមិញ និង០៦ករណីនៅរដ្ឋធានីហាណូយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺចំនួន ៣,០៨៥នាក់បានជាសះស្បើយឡើងវិញ ក្នុងចំណោមករណីឆ្លងសរុប ៨,០៦៣ករណីនៅទូទាំងប្រទេស ខណៈមនុស្សជិត ១៥១,៣០០នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាព។
គួរបញ្ជាក់ថា គិតចាប់តាំងពីរលកទី៤ នៃការឆ្លងរីករាលដាលបានផ្ទុះឡើងកាលថ្ងៃទី២៧ ខែមេសាកន្លងទៅ មានករណីឆ្លងសហគមន៍ថ្មីៗសរុបចំនួន ៤,៩៥៥ករណីហើយ ដែលត្រូវបានកត់ត្រា៕