(ឡុងដ៍)៖ សំណាកជាច្រើនបានមកពីការសិក្សាស្រាវជ្រាវមួយដែលរកឃើញថាវីរុស COVID-19 មានវត្តមាននៅក្រៅប្រទេសចិននៅខែតុលា ឆ្នាំ២០១៩ ត្រូវបាន ត្រួតពិនិត្យ និងតេស្ដឡើងវិញតាមសំណើរបស់អង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចុះផ្សាយមួយនៅថ្ងៃអង្គារសប្ដាហ៍នេះរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបាន ស្រង់សម្ដីពីអ្នកវិទ្យាសាស្ត្រពីររូបដែលបានចូលរួមក្នុងការសិក្សាស្រាវជា្រវខាងលើ។ វីរុស COVID-19 ត្រូវបានគេបញ្ជាក់អត្តសញ្ញាណដំបូងនៅក្នុងទីក្រុងវូហាន នៅខែធ្នូ ឆ្នាំ២០១៩ តែការសិក្សាមួយកាលពីឆ្នាំ២០២០ បានអះអាងថាអង់ទីករប្រឆាំង COVID-19 រួមទាំងវីរុសបំប្លែងខ្លួនថ្មីក៏ត្រូវបានគេរកឃើញក្រៅ ប្រទេសចិនផងដែរ។
បើតាមការសិក្សាចេញផ្សាយដោយវិទ្យាស្ថានជំងឺមហារីកទីក្រុងមីឡាន ប្រទេសអ៉ីតាលី (Milan Cancer Institute) អង់ទីករប្រឆាំងវីរុស SARS-CoV-2 បង្កជំងឺ COVID-19 ត្រូវបានគេប្រទះឃើញនៅក្នុងសំណាកឈាមប្រមូលពីអ្នកស្ម័គ្រចិត្តក្នុងប្រទេសអ៉ីតាលីនៅខែតុលា ឆ្នាំ២០១៩ កំឡុងការធ្វើតេស្ដមួយលើ ជំងឺមហារីកសួត។ ពោលគឺជាង២ខែ មុននឹងវីរុសនេះត្រូវគេរាយការណ៍ដំបូងក្នុងទីក្រុងវូហាន។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រុមអ្នកជំនាញអង្គការ WHO មិនទាន់អាចចេញរបាយការណ៍ជាក់លាក់ណាមួយពីប្រភពដើម COVID-19 នោះទេ ខណៈអ្នកវិទ្យាសាស្ត្រភាគច្រើនធ្លាប់និយាយថាវីរុសនេះមានប្រភពដើមមកពីសត្វ ហើយចម្លងទៅមនុស្ស៕