(ប៉េកាំង)៖ ចិន និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមការទំនាក់ទំនងជាប្រក្រតីនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយបានឯកភាពថានឹងចូលរួមដោះស្រាយ បញ្ហាជាក់លាក់មួយចំនួនរវាងប្រទេសទាំង២។ នេះបើតាមក្រសួងពាណិជ្ជកម្មចិនដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng ដោយអត្ថាធិប្បាយលើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីពេលថ្មីៗនេះរវាងក្រុមមន្ត្រីជាន់ខ្ពស់ចិន-អាមេរិក បានបញ្ជាក់ថាការទំនាក់ទំនងរវាងភាគីទាំង២ បានចាប់ផ្ដើមយ៉ាងរលូន។ លោកបន្ថែមថាភាគីទាំង២ បានផ្លាស់ប្ដូរយោបល់គ្នាដោយឈរលើគោលការណ៍ស្មើភាព និងគោរពគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន គឺចង់សំដៅលើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ជាមួយអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ៕