(អ៉ីស្រាអែល)៖ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសអ៉ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងហើយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដែលនឹងបិទបញ្ចប់ការកាន់តំណែងជា នាយករដ្ឋមន្ត្រីអស់រយៈពេល១២ឆ្នាំមកនេះរបស់លោក ប៊េនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

លោក យ៊ែរ ឡាភីត (Yair Lapid) ជាមេដឹកនាំគណបក្ស យេស អាទីត (Yesh Atid) បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថារដ្ឋាភិបាលចម្រុះមួយដែលមាន ៨ គណបក្ស ចូលរួមត្រូវបានបង្កើតឡើង ៣០នាទីមុនពាក់កណ្ដាលយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះដែលជាកាលបរិច្ឆេទកំណត់។ នៅក្រោមការបង្កើតរដ្ឋាភិបាលចម្រុះថ្មីនេះលោក Lapid និងមេដឹកនាំគណបក្ស Yamina លោក ណាហ្វតាលី ប៊េននែត (Naftali Bennett) នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីប្ដូរវេនម្នាក់ម្ដង។

ការបង្កើតរដ្ឋាភិបាលរួបរួមថ្មីរបស់ក្រុមគណបក្សប្រឆាំងអ៉ីស្រាអែល ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថាជាការបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Netanyahu ហើយ មើលទៅវាមានភាគរយខ្ពស់អាចទៅរួច។ ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះយល់ថាវាមិនមែនមានន័យថាលោក Netanyahu បាត់បង់ឱកាសទាំងស្រុងនោះទេ ដ្បិតរដ្ឋាភិបាលថ្មីនៅត្រូវ ឆ្លងកាត់ការបោះឆ្នោតផ្ដល់សេចក្ដីទុកពីសភាអ៉ីស្រាអែល ជាទីដែលប្រធានសភាបច្ចុប្បន្នគឺលោក Yariv Levin ជាសមាជិកគណបក្ស Likud របស់លោក Netanyahu។

លោក Yariv Levin ត្រូវបានគេរំពឹងថាអាចប្រើប្រាស់នីតិវិធីសភាពន្យារពេលការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តរហូតដល់ថ្ងៃទី១៤ ខែមិថុនាក៏ថាបាន ដើម្បីទុកឱកាសឱ្យលោក Netanyahu បញ្ចុះបញ្ចូលឱ្យសមាជិកសភាកុំបោះឆ្នោតទទួលស្គាល់ ឬឱ្យគណបក្សប្រឆាំងដែលចូលរួមក្នុងរដ្ឋាភិបាលថ្មីដកខ្លួនចេញវិញ។ តាមការពិតទៅ រដ្ឋាភិបាលថ្មីរបស់ ក្រុមគណបក្សប្រឆាំងជាសម្ព័ន្ធភាពមួយមាន «ភាពផុយស្រួយ» ដោយមិនមានសំឡេងរឹងមាំគ្រប់គ្រាន់នោះទេ។ ពោលគឺបើមានគណបក្សជាសមាជិកណាមួយដកខ្លួនចេញ នោះរដ្ឋាភិបាលចម្រុះនឹងត្រូវដួលរលំភ្លាមៗ។ លើសពីនេះទៅទៀត ការចូលរួមជាប្រវត្តិសាស្ត្រនៅក្នុងរដ្ឋាភិបាលចម្រុះរបស់ United Arab List ដែលជាគណបក្សដឹកនាំ ដោយអ្នកនយោបាយអារ៉ាប់គាំទ្រប៉ាឡេស្ទីនអាចនឹងក្លាយជាឧបករណ៍មួយដែលលោក Netanyahu ប្រើដើម្បីបំបែកបំបាក់សម្ព័ន្ធភាពបក្សប្រឆាំង។

*នាយករដ្ឋមន្ត្រីប្ដូរវេន

នៅក្រោមកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មី លោក Bennett និងលោក Lapid បានឯកភាពថានឹងកាន់តំណែងជានាយករដ្ឋមន្ត្រីម្នាក់ម្ដងក្នុងរយៈពេល ២ឆ្នាំ នៃអាណត្តិមាន រយៈពេល ៤ឆ្នាំ។ លោក Bennett ដែលជាអតីតកម៉្មង់ដូរពិសេសអ៉ីស្រាអែល និងជាអតីតមនុស្សជំនិតរបស់លោក Netanyahu នឹងត្រូវកាន់តំណែងជានាយរដ្ឋមន្ត្រីមុន រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ខណៈលោក Lapid នឹងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស មុននឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក Bennett រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២៥។

*អនាគតលោក Netanyahu នឹងទៅជាយ៉ាងណា?

នៅក្នុងករណីដែលសភាអ៉ីស្រាអែល បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរដ្ឋាភិបាលចម្រុះរបស់លោក Bennett និងលោក Lapid នោះលោក Netanyahu នឹងក្លាយជាមេដឹកនាំ គណបក្សប្រឆាំងវិញម្ដង។ ប៉ុន្តែរឿងសំខាន់បំផុតដែលលោក Netanyahu ត្រូវប្រឈមមុខ ក្រោយរដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែងនោះគឺសំណុំរឿងពុករលួយ, រំលោភអំណាច, ក្លែងបន្លំ និងរំលោភសេចក្ដីទុកចិត្តដែលកំពុងស្ថិតនៅក្នុងដៃតុលាការ ដែលនេះទើបជាគ្រោះថ្នាក់ពិតប្រាកចំពោះជីវិតនយោបាយរបស់លោក។

លោក Netanyahu ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោកជាច្រើនលើក ហើយថែមទាំងបានបង្កើតច្បាប់មួយដើម្បីរំដោះខ្លួនចេញពី បទចោទទាំងនេះ ឬការកាត់ទោសទៀតផង តែច្បាប់នេះមិនទាន់ត្រូវបានអនុម័តឡើយ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំមកនេះ អ៉ីស្រាអែលបានឆ្លងកាត់ការបោះឆ្នោត សកលចំនួន៤លើកមកហើយ ដោយសារតែការបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ ចំណែកឯ ការរួបរួមគ្នារវាងក្រុមគណបក្សប្រឆាំងគឺធ្វើឡើងក្នុងគោលបំណងបញ្ចៀសការបោះឆ្នោតសកលជាលើកទី៥ និងបញ្ចប់ការកាន់តំណែងរបស់លោក Netanyahu ដែលពួកគេយល់ថាមិនសមធ្វើជានាយករដ្ឋមន្ត្រី ស្របពេលកំពុងជាប់ក្ដីក្ដាំពុករលួយក្នុងតុលាការនោះទេ៕

ប្រភព៖ Financial Times (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១)