(ប៉េកាំង)៖ ឆ្នាំ២០២១នេះ ជាខួបទី១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១ ហើយនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រធានបក្សលោក ម៉ៅ សេទុង ក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅឯទីលានធានអានមិន។ ចាប់ពីពេលនោះមក ប្រទេសចិនត្រូវបានដឹកនាំដើរឆ្ពោះទៅមុខដោយបក្សកុម្មុយនិស្ដចិន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប ជាបន្តបន្តាប់តាមជំនាន់ ហើយរហូតមកដល់បច្ចុប្បន្នមានលោក ស៊ី ជីនភីង ជាប្រធានាធិបតីនៃប្រទេសចិន។
នៅឆ្នាំ២០១២ លោក ស៊ី ជីនភីង បានឡើងកាន់អំណាចជាប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្ស កុម្មុយនិស្តចិនជំនាន់ទី៥ ហើយលោកបានខិតខំព្យាយាមធ្វើកំណែទម្រង់សេដ្ឋកិច្ចជាច្រើនក្នុងប្រទេស ចិន ដែលពីមុនធ្លាប់ទទួលរង នូវអស្ថិរភាពរចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចយឺតជាដើម។ តើអ្វីដែលធ្វើឱ្យ ប្រទេសចិនហក់ឡើងខ្លាំងក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង? នោះគឺថា ក្រោយពេលឡើងកាន់តំណែងក្នុងអាណត្តិទី១ លោក ស៊ី ជីនភីង បាន ដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិទាំងស្រុង ដែលមានយុទ្ធសាស្រ្ត៥ចំណុចសម្រាប់ផែនការអនុវត្តដែលមានដូចជា៖
១- បន្តដឹកនាំគោលនយោបាយសេដ្ឋកិច្ចបៃតង ពង្រឹងនិងពង្រីកតួនាទីទីផ្សារ និងការវិនិយោគក្នុងស្រុក។
២- បន្តដើរតាមមាគ៌ាសង្គម និយមតាម ចរិតលក្ខណៈរបស់ចិន។
៣- បន្តជំរុញមហិច្ឆតាប្រែក្លាយប្រាក់យ័នឱ្យទៅជារូបិយប័ណ្ណអន្តរជាតិ។
៤- បង្កើនកិច្ចសហប្រតិបត្តិការឈ្នះឈ្នះនៅតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីកណ្តាល។
៥- បន្តពង្រឹងនិងពង្រីកយ៉ាងពេញទំហឹងនូវកម្លាំងយោធាខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រទេសចិនមានភាពលេចធ្លោ ក្នុងការពង្រឹងកិត្យានុភាពក៏ដូចជាភាពជោគជ័យដ៏ធំសម្បើម រហូតមកដល់ពេលនេះ គឺយុទ្ធសាស្រ្ត «ខ្សែក្រវាត់មួយផ្លូវមួយ One Belt One Road» ដែលជាគំនិតផ្ដួចផ្ដើមឡើងដោយលោក ស៊ី ជីនភីង ក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្មជាពិសេសរវាងប្រទេសចិនជាមួយបណ្ដាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិច។ ដោយឡែកនៅអាណត្តិទី២នេះ លោកស៊ី ជិនភីង បានលើកឡើងគោលនយោបាយអនុវត្តកិច្ចការ «ទំនើបភាវូបនីយកម្មទី៥» តាមរយៈការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ អនុវត្តខ្លាំងនូវយុទ្ធនាការប្រឆាំងអំពើពុករលួយ និងបង្កើនសុពលភាពនៃប្រព័ន្ធច្បាប់។
ម្យ៉ាងទៀតកាលពីឆ្នាំ២០១៦ ថ្នាក់ដឹកនាំក្រុងប៉េកាំងបានផ្តោតសំខាន់បន្ថែមទៀត លើយុទ្ធសាស្រ្តនៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចជាតិ៥ចំណុច ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសចិន ដែលជា «ផែនការប្រាំឆ្នាំទី១៣» មានដូចជា កាអភិវឌ្ឍប្រកបដោយការច្នៃប្រឌិត, ការស៊ីសង្វាក់គ្នា, បៃតង, បើកចំហ, និងការចែករំលែក ដែលការអនុវត្តយុទ្ធសាស្ត្រថ្មីទាំងប្រាំចំណុចនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការធ្វើឱ្យការអភិវឌ្ឍរបស់ប្រទេសចិនកាន់តែល្អប្រសើរ ជាមួយបណ្តាប្រទេសទូទាំងពិភពលោក ដែលផ្សាភ្ជាប់ជាមួយអភិបាលកិច្ចសេដ្ឋកិច្ចសាកល និងបើកចំហកាន់តែទូលាយទៅកាន់ពិភពលោកផងដែរ។
តាមរយៈការបង្ហាញ របស់លោក ស៊ី ជីនភីង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួបឆ្នាំទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅក្រុងប៉េកាំងថា ក្នុងដំណើរឆ្ពោះទៅមុខ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់ នូវការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងប្រកាន់ខ្ជាប់ឋានៈជាម្ចាស់របស់ប្រជាជន ក៏ដូចជាប្រកាន់ខ្ជាប់នូវមាគ៌ាសង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសរបស់ចិន។ ទាំងនេះជារបត់សំខាន់ នៃការផ្លាស់ប្ដូរនិងអភិវឌ្ឍន៍របស់ប្រទេសចិន ហើយការផ្លាស់ប្ដូររបស់ចិន មិនត្រឹមតែ ធ្វើឱ្យប្រទេសចិនមានការរីកចម្រើនខ្លាំងក្លា និងអភិវឌ្ឍយ៉ាងមហិមាប៉ុណ្ណោះទេ ថែមទាំងបានជះឥទ្ធិពល ដល់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាននិងនៅក្នុងពិភពលោកផងដែរ។
រួមសេចក្ដីមកក្នុងរយៈពេល ៧០ឆ្នាំកន្លងទៅនេះ ចិនបានប្រែក្លាយខ្លួនពីប្រទេសស្ថិតក្រោមការត្រួតត្រាបរទេស ឱ្យទៅជាប្រទេសមហាអំណាចដ៏មានឥទ្ធិពល នៅលើពិភពលោក។ កាលណានិយាយពី ភាពរុងរឿងរបស់ប្រទេសចិននាពេលនេះ គេមិនដែលភ្លេចគិតទៅដល់លោក ម៉ៅ សេទុង ដែលជា ស្ថាបនិកដ៏សំខាន់ដែលបានបង្កើតបក្សកុម្មុយនិស្ដចិនដំបូង ហើយក៏មិនភ្លេចគិតទៅដល់បិតាកែទម្រង់ លោក តេង ស៊ាវភីង និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត រហូតដល់មិនភ្លេចអរគុណជាមហិមាដល់ ស្ថាបនិកអភិវឌ្ឍន៍ដ៏អស្ចារ្យនាពេលបច្ចុប្បន្នគឺ ប្រធានរដ្ឋចិនលោក ស៊ី ជីនភីង។ ភាពរុងរឿងរបស់ប្រទេសចិន នាពេលបច្ចុប្បន្ននេះ ត្រូវបានប្រវត្តិសាស្រ្តផ្លូវការរបស់ចិនចារទុកថាជា ស្នាដៃដ៏ធំមហិមារបស់ថ្នាក់ ដឹកនាំកំពូលៗនិងអស្ចារ្យ នៃគណបក្សកុម្មុយនិស្ដចិន៕
ដោយលោក ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា