(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក បាយអូឡូជីខល-អ៊ី (Biological-E) ចំនួន ៣០០លានដូស ក្នុងតម្លៃ ១៥ពាន់លានរ៉ូពី (២០៥.៦២លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Biological-E ដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុង ការធ្វើតេស្តដំណាល់កាលទី ៣ ទំនងជានឹងមានសម្រាប់ប្រើប្រាស់ នៅប៉ុន្មានខែខាងមុខទៀត។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ និងត្រូវជាប្រទេសផលិតវ៉ាក់សាំង ធំជាងគេបង្អស់ក្នុងលោកផងដែរនោះ បែរជាមានភាពយឺតយ៉ាវ ក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន ស្ថិតនៅក្នុងចំពោះការឆ្លងរាតត្បាត យ៉ាងគំហុកដែលទើបធូរស្រាលវិញបានបន្តិច។
គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២១៣លានដូសហើយជូនដល់ប្រជាជន ក្នុងនោះប្រជាជនជិត ១៧០លាននាក់ (១២.៤% នៃប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៤៣.៥លាននាក់ (៣.២% នៃប្រជាជនសរុប) បានចាក់គ្រប់ដូស៕