(តេហេរ៉ង់)៖ នាវាចម្បាំងដ៏ធំបំផុតរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានឆាបឆេះ និងលិចក្នុងឈូងសមុទ្រអូម៉ង់ (Oman) កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយមិនទាន់មាននរណាបានដឹង អំពីមូលហេតុច្បាស់លាស់ឡើយ ខណៈហេតុការណ៍លើកនេះបានកើតឡើង ចំពេលដែលអ៉ីរ៉ង់កំពុងមានភាពតានតឹងខ្លាំង ជាមួយបណ្តាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ហ្វាស៍ (Fars) បានរាយការណ៍ថា អគ្គីភ័យបានចាប់ផ្តើមឆាបឆេះនៅវេលាម៉ោង ០២៖២៥នាទីរំលងអធ្រាត្រ ហើយក្រុមពន្លត់អគ្គីភ័យបានព្យាយាមទប់ស្កាត់វាដែរ ប៉ុន្តែកិច្ចប្រឹងប្រែងរបស់ពួកគេ បានបរាជ័យក្នុងការជួយសង្គ្រោះនាវាចម្បាំង ខាក (Kharg) ដែលមានបណ្តោយប្រវែង ២០៧ម៉ែត្រនោះ។
Kharg គឺជានាវាចម្បាំងដែលត្រូវបានគេប្រើប្រាស់ ដើម្បីផ្តល់ជំនួយដល់នាវាផ្សេងៗទៀត នៅក្នុងកងនាវាចម្បាំងនៅឯនាយសមុទ្រ និងដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺន កងទ័ពជើងទឹកអ៉ីរ៉ង់។ នាវិកសរុប ៤០០នាក់ រួមទាំងនាយទាហានដែលហ្វឹកហាត់នៅលើនាវានោះ បានរត់ភៀសខ្លួនចេញទាន់ពេល ប៉ុន្តែក្នុងនោះមនុស្សចំនួន ៣៣នាក់រងរបួស។
គួរបញ្ជាក់ថា នាវាចម្បាំង Kharg បានលិចនៅជិតកំពង់ផែ ហ្សេសក៍ (Jask) នៃប្រទេសអ៊ីរ៉ង់ ដែលមានចម្ងាយប្រហែល ១,២៧០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានីតេហេរ៉ង់ (Tehran) ក្នុងឈូងសមុទ្រ Oman ក្បែរច្រកសមុទ្រ ហ័រម៉ឹស (Hormuz) ដែលជាច្រកសមុទ្រតូចចង្អៀតមួយ នៃឈូងសមុទ្រពែក្ស (Persian)៕