(ប៊ែរូត)៖ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសលីបង់ លោក ហាម៉ាត់ ហាស្សាន (Hamad Hassan) ត្រូវបានសាធារណជនកោតសរសើរ ចំពោះភាពជោគជ័យ ក្នុងការកាត់បន្ថយការឆ្លងរាតត្បាតជំងឺ COVID-19 ដែលបាននិងកំពុងធ្វើចំនួនករណីឆ្លង និងបាត់បង់ជីវិត ធ្លាក់ចុះជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីលីបង់លោក មីឈែល អួន (Michel Aoun) លោករដ្ឋមន្ត្រីសុខាភិបាល Hamad Hassan បានគូសបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងស្ថាប័នសាធារណៈនានា, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសង្គមជាតិទាំងមូលបានជួយយើង កសាងស្ថានការណ៍ឲ្យប្រសើរឡើងវិញ ចំពោះជំងឺរាតត្បាតសកល (COVID-19)»។
បើតាមរបាយការណ៍ពីក្រសួងសុខាភិបាលលីបង់ ប្រទេសដែលមានប្រជាជន ៦.៧៧លាននាក់មួយនេះ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជន ១០.៨% ហើយ ខណៈប្រជាជន ៥.៥% បានទទួលការចាក់គ្រប់ដូស។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លីបង់បានរកឃើញអ្នកឆ្លង COVID-19 ចំនួន ២៤២នាក់ នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៥៤០,៦៣០នាក់ ខណៈនៅក្នុងរយៈពេល ១ថ្ងៃដូចគ្នា អ្នកជំងឺ ០៦នាក់ទៀតបានស្លាប់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧,៧៣៥នាក់។ លីបង់ក៏ត្រូវបានចាត់ទុកជាប្រទេស មានអត្រាស្លាប់ដោយសារ COVID-19 ក្នុងកម្រិតទាបផងដែរ បើធៀបនឹងប្រទេសផ្សេងៗទៀតលើលោក៕