(អ៉ីស្រាអែល)៖ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសអ៉ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលនឹងបិទបញ្ចប់ការកាន់តំណែង ជានាយករដ្ឋមន្ត្រីអស់រយៈពេល ១២ឆ្នាំមកនេះរបស់លោក ប៊េនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
លោក យ៊ែរ ឡាភីត (Yair Lapid) ជាមេដឹកនាំគណបក្ស យេស អាទីត (Yesh Atid) បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថារដ្ឋាភិបាលចម្រុះមួយដែលមាន ៨ គណបក្សចូលរួមត្រូវបានបង្កើតឡើង ៣០នាទី មុនពាក់កណ្ដាលយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះ។ នៅក្រោមការបង្កើតរដ្ឋាភិបាលចម្រុះថ្មីនេះ លោក Yair Lapid និងមេដឹកនាំគណបក្ស Yamina លោក ណាហ្វតាលី ប៊េននែត (Naftali Bennett) ត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីប្ដូរវេនម្នាក់ម្ដងដោយលោក Bennett នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីមុន ហើយទើបប្រគល់តំណែងនេះឱ្យលោក Lapid។
គួរបញ្ជាក់ថា រដ្ឋាភិបាលចម្រុះថ្មីរបស់ក្រុមគណបក្សប្រឆាំងនៅត្រូវឆ្លងកាត់អនុម័តយល់ព្រមពីសភាអ៉ីស្រាអែលជាមុនសិន នៅក្នុងរយៈពេល១០ថ្ងៃរាប់ចាប់ពីពេលនេះតទៅ។ ប៉ុន្តែ ក្នុងរយៈពេលនេះ លោក Benjamin Netanyahu ក៏ត្រូវបានគេជឿជាក់ដែរថានឹងប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យសមាជិកសភា បោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះ៕