(ហាណូយ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់នៅថ្ងៃពុធ ទី០២ ខែមិថុនានេះថា ប្រទេសរុស្ស៊ីបានយល់ព្រមលក់ឲ្យប្រទេសវៀតណាម នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ដែលមានឈ្មោះសម្គាល់ថា Sputnik V ចំនួន ២០លានដូសនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
វៀតណាមបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរុស្ស៊ីកាលពីខែមីនាមកម៉្លេះ ប៉ុន្តែបន្ទាប់ពីទទួលរងនូវការរីករាលដាលដ៏អាក្រក់បំផុត ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំង ទោះបីចំនួនករណីឆ្លង និងស្លាប់របស់ខ្លួននៅមានកម្រិតទាបក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍កាលពីខែមុនថា មជ្ឈមណ្ឌលស្រាវជ្រាវមួយដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល កំពុងពិភាក្សាមើលលទ្ធភាពដើម្បីផលិតវ៉ាក់សាំង Sputnik V ក្នុងស្រុក។
កន្លងមកប្រទេសវៀតណាមបានស្វែងរកទិញវ៉ាក់សាំង Sputnik V ចំនួន ៤០លានដូស ប៉ុន្តែរុស្ស៊ីបាននិយាយថា ខ្លួននឹងលក់ជូនវ៉ាក់សាំងទាំងនេះនៅចុងឆ្នាំក្រោយ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ វៀតណាមបានទទួលវ៉ាក់សាំងប្រមាណជិត ២.៩លានដូសហើយ ដែលភាគច្រើនជារបស់ក្រុមហ៊ុន AstraZeneca និងប្រហែល ០១លានដូសត្រូវបានចាក់ជូនប្រជាជនរួចរាល់៕