(គូឡាឡាំពួ)៖ រដ្ឋមន្រ្តីវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតថ្មីរបស់ប្រទេសម៉ាឡេស៊ីលោក Khairy Jamaluddin បាននិយាយថា ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា CoronaVac របស់ក្រុមហ៊ុនឱសថចិន Sinovac Biotech ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) នឹងជួយបង្កើនទំនុកចិត្តនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។
លោក Khairy ដែលជារដ្ឋមន្រ្តីសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំងជាតិផងនោះបាននិយាយថា សេចក្តីសម្រេចរបស់ WHO បានបង្ហាញថា វ៉ាក់សាំងនេះគឺមានសុវត្ថិភាព និងប្រសិទ្ធភាព។
លោកបានមានប្រសាសន៍ថា «វ៉ាក់សាំង Sinovac ទីបំផុតត្រូវបានយល់ព្រម ដោយអង្គការសុខភាពពិភពលោក។ ការទទួលស្គាល់ជាសកលនេះគឺជាការជំរុញទំនុកចិត្តមួយ ខណៈដែលការផ្គត់ផ្គង់វ៉ាក់សាំងនេះចំនួន ១២លានដូសទៀត នឹងធានាថាប្រជាជនរបស់ម៉ាឡេស៊ី ១៨ ភាគរយនឹងទទួលបានអត្ថប្រយោជន៍ពីវ៉ាក់សាំងនេះ។ វាមានសុវត្ថិភាពនិងមានប្រសិទ្ធភាព»។
គួរបញ្ជាក់ថា វ៉ាក់សាំង Sinovac ត្រូវបានគេប្រើក្នុងកម្មវិធីចាក់ថ្នាំបង្ការជាតិរបស់ប្រទេសម៉ាឡេស៊ី ចាប់តាំងពីទីភ្នាក់ងារឱសថរបស់ប្រទេសនេះ បានផ្តល់ការយល់ព្រមឲ្យប្រើប្រាស់កាលពីខែមីនាកន្លងទៅមកមេ្ល៉ះ។ ហើយក្រុមហ៊ុនផលិតឱសថឈានមុខគេរបស់ម៉ាឡេស៊ីឈ្មោះ Pharmaniaga ក៏ជាដៃគូសហការជាមួយក្រុមហ៊ុន Sinovac ដើម្បីផលិតវ៉ាក់សាំងក្នុងស្រុកផងដែរ៕